ឧត្តរមានជ័យ៖ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន៥៦៤នាក់នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥នេះ បានមកចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា ការទទួលសមាជិកបក្សថ្មីដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាព លោក ស ថាវី ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ និងជាអភិបាលខេត្តឧត្តរមានជ័យ ។
អ្នករាយការណ៍បន្តថា ទាក់ទងទៅការចុះចូលខាងលើ លោក ហុង សុខហួរ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការទី១០នៃព្រឺទ្ឋសភា បានមានប្រសាសន៏ប្រាប់សារព័ត៌មាននារសៀលថ្ងៃនេះថា ក្នុងចំណោមក្រុមអ្នកគាំទ្រគណបក្សទាំង ៥៦៤នោះ ភាគច្រើនលោកមិនធ្លាប់បានស្គាល់ទេ គឺជាយុទ្ឋសាស្ត្រចាស់ដដែលៗរបស់គណបក្សប្រជាជនកម្ពុជា ៕