ភរិយា​ឧកញ៉ា ថោង សារ៉ាត់ ទ្រហោ យំ​សុំ​នាយករដ្ឋមន្ត្រី​រក​យុត្តិធម៌​ជូន​ស្វាមី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2015 ក+ ក-

ភ្នំពេញ​៖​ភរិយា​ថោង សារ៉ាត់ ដែលជាប់ ​ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ឧកញ៉ា​ម្នាក់​រួមជាមួយ​ក្រុមគ្រួសា​រ​អង្គរក្ស​របស់លោក ថោង សារ៉ាត់ បាន​ស្រែក​ទ្រហោយំ​ក្នុង​វីដេអូ​ឃ្លី​ប​មួយ អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ដោយ​អះអាងថា​ស្វាមី​របស់ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការ ចោទប្រកាន់​នោះទេ​។​

VODបានសរសេរនៅថ្ងៃនេះ​ថា វីដេអូ​ឃ្លីបមួយ​ដែល​ពោរពេញ​ដោយ​សំឡេង​ស្រែកយំ​រក​យុត្តិធម៌​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​។ ភរិយា​របស់ លោក ថោង សារ៉ាត់ លោកស្រី ទាវ ធីតា ព្រមទាំង​ក្រុមគ្រួសារ ភរិយា​របស់​អង្គរក្ស​លោក ថោង សារ៉ាត់ ព្រមទាំង​ក្រុមគ្រួសារ បាន​សុំ​អន្ត រាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ដោយ​លើក ឡើងថា​លោក ថោង សារ៉ាត់ និង​អង្គរក្ស​មិនបាន​ពាក់ព័ន្ធ​នឹង​ការធ្វើឃាត​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នោះទេ​។​

​គួររំឭកថា តុលាការ​បាន​ចោទ​លោក ថោង សារ៉ាត់ ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ពាក់ព័ន្ធ​នឹង​ការបញ្ជា​ឲ្យ​អង្គរក្ស​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាល​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ ចំណែក​អង្គរក្ស​៤​នាក់​របស់លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​“​ឃាតកម្ម​គិតទុក ជាមុន​និង​បទ​សមគំនិត​” ។ អង្គរក្ស​ទាំង​៤​នាក់​នោះ​មានឈ្មោះ មាស សម្បត្តិ ឈ្មោះ សៀង វាសនា ឈ្មោះ កូយ ចាន់ថុល និង​ឈ្មោះ លី សៅរ៍ ។​

​ក្នុង​វីដេអូ​ឃ្លី​ប​ដែលមាន​មនុស្ស​ប្រមាណ​៥០០​នាក់​ចូលរួម ភរិយា​លោក ថោង សារ៉ាត់ លោកស្រី  ទាវ ធីតា បាន​និយាយថា​គ្រួសារ​របស់លោក​ស្រី​តែងតែ​រកស៊ី​ត្រឹមត្រូវ​តាមច្បាប់​និង តែងតែ​ជឿ​លើ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ទើប​ស្វាមី​របស់លោក​ស្រី​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដើម្បី​រក​ខុសត្រូវ​។ លោកស្រី​បន្តថា​លោកនាយក​រដ្ឋមន្ត្រី​បាន​រក យុត្តិធម៌​ជូន​អតីត​ពិធី​ការិនី​ទូរទស្សន៍ កញ្ញា​សា​សា ករណី​ហិង្សា​ពី​សំណាក់​ឧកញ៉ា សុខ ប៊ុន​។​

លោកស្រី ទាវ ធីតា បាន​និយាយថា​ស្វាមី​របស់ខ្លួន​បាន​កាន់​អាវុធ​ស្របច្បាប់ មិន​ដូច​ការកាត់ទោស​របស់​តុលាការ​នោះទេ​។ លោកស្រី​និយាយ​ទាំង​ទ្រហោយំ​ថា​៖”…​មានតែ​ម្រាមដៃ ១០​លើក​ប្រណម​ទទូច​សុំ​អង្វរ សូម​ក្តីមេត្តា​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា ឪពុកម្តាយ​ទី​ពីរ​របស់​យើងទាំងអស់គ្នា ជួយ​អំពាវនាវ​ដល់​តុលាការ​និង​ប្រព័ន្ធ​ច្បាប់​បើក​ការស៊ើបអង្កេត​ឡើងវិញ កាត់ក្តី​មិន​លម្អៀង​សំអាង​លើ​ច្បាប់​និង​ភស្តុតាង​ជា​គោល​ក្នុងការ ចោទប្រកាន់​ខុស​លើ​ប្តី​របស់​នាង​ខ្ញុំ​ទាំងអស់គ្នា បង្កើតជា​ទុក្ខសោក​វេទនា កូន​ព្រាត់​ឪពុក ប្រពន្ធ​ព្រាត់​ប្តី គ្រួសារ​រង​ទុក្ខ ជីវភាព​កាន់តែ​តោកយ៉ាក បាត់​ភាពថ្លៃថ្នូរ​ជា​មនុស្ស​និង​បាត់​កិត្តិយស​ជា​ស្ត្រី​ខ្មែរ​…”​។​

ក្រុមគ្រួសារ​របស់​អង្គរក្ស​ទាំង​បួន​នាក់​ក៏បាន​អំពាវនាវ​ដល់​លោកនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​ស្វាមី​របស់​ពួកគេ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ព្រៃ​ស ដោយ​អះអាងថា​ស្វាមី​របស់ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ របស់​តុលាការ​នោះទេ ។​

​កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​លោក ថោង សារ៉ាត់ ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ ចំណែក​ឪពុកម្ដាយ​របស់លោក​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​និង​ពិន័យ​អ្នក ទាំង​៣​ជា​ទឹកប្រាក់​ម្នាក់​៦​លាន​រៀល ដោយ​ចោទ​ពីបទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​លិខិតអនុញ្ញាត ។​

​រហូតមកដល់​ពេលនេះ តុលាការ​មិនទាន់​សម្រេច​យ៉ាងណា​ករណី​លោក ថោង សារ៉ាត់ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​នោះទេ​។ តាម​បទ​ចោទ​នេះ លោក ថោង សារ៉ាត់ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​។​

កន្លងទៅ ឧកញ៉ា ថោង សារ៉ាត់ ដែល​កំពុង​ជាប់ពន្ធនាគារ​ក៏បាន​អំពាវនាវ​យ៉ាងទទូច​សុំ​លោកនាយក​រដ្ឋ មន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន ដោយ​ចាត់ទុកថា​នេះ​ជា​ករណី​ទម្លាក់កំហុស ដើម្បី​រំលាយ​គ្រួសារ​របស់ លោក​។​

កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​លើក​ទី​១ ដោយ​អំពាវនាវ​ដល់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ឲ្យ​ចាត់វិធានការ ជាបន្ទាន់​លើ​សំណុំរឿង​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ករណី​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទាំង​មាន ភាពមិនប្រក្រតី​។ លោក​មានប្រសាសន៍ថា​៖”​រដ្ឋាភិបាល​បាន​ប្រឹង​ដុតដៃ​ដុត ជើង បញ្ជា​កម្លាំង​ដើម្បី​តាមរក​ឃាតក​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។ ទី​ចុង​បំផុត​យើង​សម្រេច​ចាប់បាន​នូវ​មួយ​សំបុក ។ រឿង​ដែល​មិន​យល់​គឺ​នៅត្រង់ថា ឲ្យ​ឪពុកម្តាយ​មេខ្លោង​ឃាតក ដែល​បញ្ហា​ឃាតក ដែល​ជាប់​ពិរុទ្ធភាព​លើ​បទ​ចោទ​នេះ​ឲ្យ​នៅក្រៅ​ឃុំ ហើយ​អា​នៅក្រៅ​ឃុំ​នេះ បើ​ធ្វើ​ត្រូវ​នីតិវិធី​វា​មិន​អី​ទេ ប៉ុន្តែ​វា​ខុស​នីតិវិធី​ទៅទៀត​” ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ លោកស្រី ទាវ ធីតា បាន​លើកឡើងថា​៖”​ដោយ ឭ​គេ​ថាស​ម្តេច​តេ​ជោ​បាន​ស្រែក​ទៅហើយ គ្មាន​នរណា​អាច​តវ៉ា​បានទេ បើ ទោះជា​មាន​ភស្តុតាង​បញ្ជាក់ថា​មិនបាន​ប្រព្រឹត្ត​ឬ​ពាក់ព័ន្ធ យ៉ាងណាក៏ ដោយ​”៕

bhgbhhh

ភរិយា​លោក ថោង សារ៉ាត់ លោកស្រី ទាវ ធីតា ទ្រហោយំ សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​(​រូបថត​ពី​វីដេអូ​ឃ្លី​ប​)