ខេត្តក្រចេះ៖ លោក ថ្លាង គឹមឡុង នាយ រងសង្កាត់រដ្ឋបាលព្រៃឈើវឌ្បនៈត្រូវរថយន្តដឹកដីធុនធំបុកដួលកិនស្លាប់ និងអ្នករួមដំណើរ្នាក់ទៀតបានរងរបួស ខណះពួកគាត់ទាំងពីរនាក់កំពុងជិះម៉ូតូទៅវាស់វែងដីធ្លីក្រុមហ៊ុនកូរ៉េមួយកន្លែងស្ថិតក្នុងស្រុកសំបូរ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះ។
អ្នកឆ្លើយឆ្លងព័ត៌មានខេត្តក្រចេះបានរាយការណ៍ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើម្នាក់ ត្រូវបានរថយន្តដឹកដី ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3A-9265របស់ក្រុមហ៊ុនកូរេ(ស៊ិនបាយអុបតិច )កៀរម៉ូតូដួលហើយកិនស្លាប់នៅកន្លែងកើតហេតុ ក្នុងពេលដែលគាត់ចុះទៅវាស់វែងដី និងបោះបង្គោលឲ្យក្រុមហ៊ុនមួយនេះ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
តាមកំណត់ហេតុរបស់នគរបាលចរាចរស្រុកសំបូរបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ លោក ថ្លាង គឹមឡុង ភេទប្រុស អាយុ៥២ឆ្នាំ ដែលមានតួនាទីជានាយរងសង្កាត់រដ្ឋបាលព្រៃឈើវឌ្បនៈ មានស្រុកកំណើត នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ចំណែកបើកបររថយន្តបង្ក ឈ្មោះ អ៊ី សុភ័ក្រ អាយុ៣៦ឆ្នាំ មានស្រុកកំណើតក្នុងខេត្តព្រៃវែង បានរត់គេចខ្លួនបាត់ស្រមោល ក្រោយកើតហេតុ។
សាក្សីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនាយរងសង្កាត់រដ្ឋបាលព្រៃរូបនេះ ត្រូវបានគេឌុបតាមម៉ូតូ ចុះទៅវាស់វែងដីធ្លីជូនក្រុមហ៊ុនកូរ៉េ (ស៊ីនបាយអូតិច) លុះដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ក្រុមហ៊ុន ម៉ាក់ហ៊ីយ៉ាន់ដាយ ចំណុះ ១៥តោន បានបើកកៀរបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ ហើយកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ដោយឡែកអ្នកបើកម៉ូតូឌុបជនរងគ្រោះ ឈ្មោះ ឈឹម វាចា អាយុ២៥ឆ្នាំ ដែលជាកម្មករក្រុមហ៊ុននេះ បានរងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែងហើយរថយន្តនិងម៉ូតូ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំបូររង់ចាំ ភាគីបង្ក ចូលខ្លួនមកដោះស្រាយគ្នា តាមច្បាប់ពេលក្រោយ។ចំណែកសាកសពរបស់នាយរងសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ ត្រូវបានសាច់ញាតិក្រុមគ្រួសារ ទទួលយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ប្រាក់ ណាត