លោក យឹម សុជាតិ មេ​ការិយាល័យ​ប៉ូលិស​សេដ្ឋកិច្ច​ក្រុង​ប្រព្រឹត្ត​អំពើ ពុករលួយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2015 ក+ ក-

​ភ្នំពេញ​៖​លោក យឹម សុជាតិ ដែល​ទើប​ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​នាពេល​ថ្មីៗ​នេះ ត្រូវបាន​មន្ត្រីនគរបាល​នៅ​ជុំវិញ​ការិយាល័យ​មួយ​នេះ​លាតត្រដាង​ថា លោក​គ្មាន​សមត្ថភាព និង​បាន​ចាត់តាំង​កម្លាំង​ដើរ​ប្រមាញ់​បទល្មើស​សេដ្ឋកិច្ច​យកលុយ​ក្រៅច្បាប់​មក​ឲ្យ​ខ្លួន​តាម​ទំនើងចិត្ត​។​

​មន្ត្រីនគរបាល​មួយរូប​ភ្ជាប់​ដោយ​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ទម្លាយ​ឲ្យ​ដឹងថា ក្នុង​ការិយាល័យ​ប៉ូលីស​សេដ្ឋកិច្ច​ក្រុង​ក្រោម​ការដឹកនាំ​របស់លោក យឹម សុជាតិ សព្វថ្ងៃនេះ​មាន​ភាព​រញ៉េរញ៉ៃ​សម្បើម​ណាស់ និង​មាន​អំពើពុករលួយ​ទៀតផង​។​

​ប្រភព​ដដែល​បន្តថា ដោយសារតែ​លោក យឹម សុជាតិ ជា​មន្ត្រី​ដែល​ខ្វះ​សមត្ថភាព​ដឹកនាំ និង​គ្មាន​បទពិសោធន៍​ផង​នោះ ទើប​លោក​ធ្វើ​តាមតែ​សម្តី​របស់លោក ជុំ ណា​រ័ត្ន អនុប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក មិញ ចន្ថា ដែលមាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប៉ុណ្ណោះ បើទោះបីជា​ការផ្តល់​គំនិត​យោបល់​នោះ​ផ្ទុយទៅនឹង​បទបញ្ជាផ្ទៃក្នុង ឬ​ច្បាប់​រដ្ឋ​ក៏ដោយ ក៏​លោក យឹម សុជាតិ យកទៅ​អនុវត្តន៍​ទាំង​ទទឹងទិស​ដែរ ធ្វើយ៉ាងណា​ឲ្យ​តែ​បាន​ចំណូល​ច្រក​ហោប៉ៅ និង​យកទៅ​ប្រគេន​ថ្នាក់លើ​។​

​ប្រភព​ដដែល​បាន​អះអាងថា ជាក់ស្តែង​លោក ជុំ ណា​រ័ត្ន និង​លោក មិញ ចន្ថា បានផ្តល់​ដំបូន្មាន​ឱ្យ​លោក យឹម សុជាតិ បង្កើត​ក្រុមការងារ​ឲ្យ​ដើរ​ឈ្មុសឈ្មុល​រក​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ច្រកល្ហក​ដែល​សមាជិក​ក្នុង​ក្រុម​នេះ​មួយចំនួន​គឺជា​មនុស្ស​ជំនិត​របស់លោក ជុំ ណា​រ័ត្ន និង មិញ ចន្ថា ។​

ប្រភព​ខាងលើ​បន្តទៀតថា មិនតែប៉ុណ្ណោះ​លោក ជុំ ណា​រ័ត្ន និង​លោក​មិញ ចន្ថា បញ្ជា​ឱ្យ​ក្រុមការងារ​នោះ​បង់លុយ​ឱ្យ​មួយ​គុណ​និង​ពីរ​ទៅឱ្យ​លោក យឹម សុជាតិ ផ្ទុយទៅវិញ​លោក​ជុំ ណា​រ័ត្ន និង​លោក មិញ ចន្ថា ផ្ទាល់​មិនបាន​បង់លុយ​ដែល​ខ្លួន​ប្រមូលបាន​ពីបទ​ល្មើស​ទៅឱ្យ​លោក យឹម សុជាតិ ដូច​សមាជិក​ក្នុង​ក្រុម​នោះទេ​។ តើ​មាន​មូលហេតុ​អ្វី​នៅ​ពីក្រោយ​ការមិន​បង់លុយ​ន‌េះ​?​។

​ប្រភព​ខាងលើ​នៅបាន​ទម្លាយ​ឲ្យ​ដឹង​ទៀតថា កន្លងមក​លោក ជុំ ណា​រ័ត្ន និង​លោក មិញ ចន្ថា ជា​មនុស្ស​សំខាន់​ក្នុង​ការរកចំណូល​ផ្ទេរ​ទៅជូន​លោក ជួន សុវណ្ណ ស្នងការ​នគរបាលជាតិ​រាជធានី​ភ្នំពេញ រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​។

​ប្រភព​ដដែល​បាន​បន្ត​រិះគន់ថា មួយ​រយះ​កន្លងមកនេះ លោក យឹម សុជាតិ ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវគេ​មើលឃើញថា​គ្មាន​បទពិសោធន៍ ការងារ​នេះ​ទាល់តែសោះ ធ្វើ​អ្វីៗ​តាមតែ​ការចង្អុលបង្ហាញ​ពី​លោក ជុំ ណា​រ័ត្ន និង​លោក មិញ ចន្ថា ប៉ុណ្ណោះ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ការងារ​នៅក្នុង​អង្គភាព​នេះ​មាន​មិន​ប្រក្រតី បង្កើត​បក្ខពួក និង​ច្របូកច្របល់​ការងារ​មិនចេះចប់​។
​តាម​របាយការណ៍​ដែល​សារព័ត៌មាន សង្គម និង​កីឡា ទទួលបាន​ពី​ឈ្មោះ​មន្ត្រីនគរបាល​ដែល​ត្រូវបាន​គេ​ដាក់ពង្រាយ​តាម​គោលដៅ​សំខាន់ៗ​រួមមាន​៖
-​លោក ម៉ៅ សុគន្ធ កាន់​ការងារ កសិកម្ម
-​លោក អ៊ឹង សីហា កាន់កាប់​ការងារ​ផ្លូវជាតិ​លេខ​១
-​លោក ហេង សុវណ្ណ​កី​នី ព្រលានយន្តហោះ​អន្តជាតិ​ពោ​ធ៍​ចិន​តុង
-​លោក សុវណ្ណ ចាន់ថា​និ​ត ក្តោប​ក្តាប់​ការងារ​ទូរស័ព្ទ​គេចពន្ធ​គ្រប់​ប្រភេទ
-​លោក សៅ រ៉ា ក្តោប​ក្តាប់​ការងារ​សិប្បកម្ម
-​លោក អ៊ុ​ប សោភា
-​លោក អួត ស៊ីវ​ត្ថា ក្តោប​ក្តាប់​ការងារ​ផ្ទះសំណាក់ ខារ៉ាអូខេ អាហា​រដ្ឋា​ន និង​អាជីវកម្ម​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ
-​លោក មាស វុទ្ធី ការងារ​ឃ្លាំង​ស្តុក​ទំនិញ
-​លោក សោម ម៉ា​នី ការងារ​ឃ្លាំង​ស្តុក​ទំនិញ
-​លោក វង្ស ផល្លា ការងារ​សុខាភិបាល
-​លោក នឹម ពិសី ការងារ​ផ្លូវជាតិ​លេខ​៥ និង ៦
-​លោក ន​ន់ ស៊ីថា ការងារ​ទំនិញ​គ្រប់​ប្រភេទ​តាម​ផ្សារ ផ្លែឈើ
-​លោក ហៀ​ង ឌី​ម៉ូ ការងារ​វិនិយោគ
-​លោក នូ ព​ន្ថា​ច ការងារ​ចំណត
-​លោក អៀម ផល្លី ការងារ​ឡានក្រុង
-​លោក មិញ ចន្ថា ក្តោប​ការងារ​ឡាន​អត់​ពន្ធ និង​ឡាន​កាត់ត រឺ​ហៅថា កាប់សាច់

​ដោយឡែក គ្រប់​ផ្លូវជាតិ​ទាំងអស់ ពិសេស​ផ្លូវជាតិ​លេខ​១ លេខ​៤ និង​លេខ​៥ គឺ​បទល្មើស​សេដ្ឋកិច្ច​ទាំង​ឈ្មួញ​តូច ទាំង​ឈ្មួញ​ធំ ត្រូវបាន​គ្រប់គ្រង​ផ្តាច់មុខ​ដោយ​លោក ជុំ ណា​រ័ត្ន ដែលជា​មនុស្ស​ជំនិត​របស់លោក​ស្នងកា​រ​ក្រុង​។

​ប្រភព​បន្តទៀតថា ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក យឹម សុជាតិ ពេលចេញ​បេសកម្ម​ត្រួតពិនិត្យ​ឆែកឆេរ​រក​បទ​ល្មើ​សម្ត​ងៗ គេ​អាច​រកបាន​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី​៥០០​ដុល្លារ​ដល់​៥០០០​ដុល្លារ ទៅតាម​កម្រិត​នៃ​បទល្មើស​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន ក្រុម​លោក យឹម សុជាតិ បាន​បង្ខាំង​ទុក​រថយន្ត​កុងតឺន័រ​ដឹកទំនិញ​រោងចក្រ​មួយគ្រឿង​រយះពេល​៤​ថ្ងៃ​ទើប​ដោះលែង​។​ការ​បង្ខាំង​យូរថ្ងៃ​នៅក្នុង​របង​ម៉ុង​ឌី​យ៉ា​ល់​នៅពេលនោះ បណ្តាលមកពី​ម្ចាស់​ទំនិញ​មិន​ព្រម​ចំណាយ​តាម​ការតម្រូវ​របស់​ក្រុម​លោក យឹម សុជាតិ ដែល​ត្រូវគេ​ទម្លាយ​ឲ្យ​ដឹងថា​ជិត​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​អែ ណោះ​។​នៅពេល​ត្រូវ​សម្ភាសន៍​ពាក់ព័ន្ធ​នឹង​ការចាប់​រថយន្ត​កុងតឺន័រ​នេះ លោក យឹម សុជាតិ បាន​បង្វែ​ឲ្យ​រង់ចាំ​លោក បញ្ញា ទៅវិញ ប៉ុន្តែ​ក្រោយ​នោះ​បន្តិច​ស្រាប់​គេ​ឃើញ​រថយន្ត​កុងតឺន័រ​នោះ​បើក​ចេញ​ទៅដោយ​សុវត្ថិភាព​។​

មេគង្គប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​ទៅ​លោក យឹម សុជាតិ ដើម្បី​សុំ​ការបំភ្លឺ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់ លោក​មិនអាច​ទាក់ទង​បានទេ ចំណែកលោក ស្នងការក្រុង ជួន សុវណ្ណ ​ក៏មិនអាចភ្ជាប់ទូរស័ព្ទដើម្បីសុំការពន្យល់ បានដែរ កាលពី​រសៀល​ម្សិល​ម៉ិ​ញ​នេះ​៕ ដោយ​៖ជុំ សុខា

tfrrr

njhbhh