ខេត្តរតនគិរី ៖ តារាកំប្លែងដ៏ល្បីល្បាញមួយរូបនៅប្រទេសកម្ពុជាដែលគេស្គាល់ថាឈ្មោះនាយឆ្អឹង (ឈ្មោះក្នុងសិល្បៈ)បានប្រតិកម្មយ៉ាងខ្លាំងចំពោះបណ្តាញព័ត៌មានដែលផ្សព្វផ្សាយខុសពីការពិតថា លោកជាអ្នករត់ការឈើខុសច្បាប់នៅខេត្តរតនគិរី។
នាយឆ្អឹង បានបញ្ចេញប្រតិកម្មបែបនេះនៅក្រោយពេលដែលកាសែតក្នុងស្រុកមួយបានចុះផ្សាយថា លោកគឺជាអ្នករត់ឲ្យអ្នករកស៊ីខុសច្បាប់នៅក្នុងខេត្តរតនគិរី ខណៈដែលគេឃើញលោកមានវត្តមាននៅខេត្តរតនគិរីជាង២ខែមកហើយ ។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា នាយឆ្អឹង នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥នេះ បានមកបំភ្លឺដល់ទីស្នាក់ការរបស់កាសែតកម្ពុជាថ្មីប្រចាំខេត្តរតនគិរី ជួបលោក ប៉ក់ សុខា ដែលជាភ្នាក់ងារព័ត៌មានរបស់កាសែតនេះ ដើម្បីបំភ្លឺតបទៅនឹងការចុះផ្សាយដែលលោកបានចាត់ទុកថាជាព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកយ៉ាងធ្ងន់ធ្ងរ ព្រោះលោកមិនបានប្រព្រឹត្តិដូចដែលកាសែតបានចុះផ្សាយនោះឡើយ។
នាយឆ្អឹង បានបំភ្លឺដោយសង្កត់ធ្ងន់ថា តាមពិតទៅលោកមិនមែនជាអ្នករត់ការឈើទេ គឺគ្រាន់តែជាអ្នកបើកឡានអោយមិត្តភ័ក្តិប៉ុណ្ណោះ។ លោកបន្តថា ការចុះផ្សាយរបស់កាសែតនោះគឺជារឿងមិនពិតនោះទេ ការចុះផ្សាយបែបនេះប៉ះពាល់ដល់កិត្តិយសដល់លោកយ៉ាងខ្លាំងព្រោះលោកជាអ្នកសិល្បៈជាតារាកំប្លែងនៅកម្ពុជា។
គួរបញ្ជាក់ថា កាសែតកម្ពុជាថ្មី ឆ្នាំទី១៤ លេខ៣៨៥២ ចេញផ្សាយថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០១៥ បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា “ចាប់បានរថយន្តសាំយ៉ុងដឹកឈើពេញដោយសារក្រុមអ្នកកាសែត” នៅក្នុងអត្ថបទនោះ អ្នកនិពន្ធបានសរសេរថាឈើទាំងនោះមានអ្នករត់ការឈ្មោះម៉ាប់ និងឈ្មោះនាយឆ្អឹង ជាតារាកំប្លែងដែលរត់ការគ្រប់សមត្ថកិច្ចក្នុងខេត្តរតនគិរី។
ដោយឡែកភ្នាក់ងារព័ត៌មានកាសែកម្ពុជាថ្មីប្រចាំខេត្តរតនគិរីគឺលោកប៉ក់ សុខា បានទទួលយកការឆ្លើយបំភ្លឺរបស់នាយឆ្អឹង ថា និងបញ្ជូនការបំភ្លឺនេះទៅចុះផ្សាយឡើងវិញ ប៉ុន្តែដរាបណាមានការឯកភាពពីលោកនិពន្ធនាយក។
លោក ប៉ក់ សុខា បញ្ជាក់ថា នាយឆ្អឹង បានស្នើអោយលោកដកឈ្មោះគាត់ចេញពីក្នុងអត្ថបទនោះផងដែរ កាលពីវេលាម៉ោង៤ និង៤៦នាទីរសៀល មុនពេលចេញផ្សាយមកម្ល៉េះ ប៉ុន្តែវាហួសពេលទៅហើយ។
គួររំលឹកផងដែរថា ឈើមួយរថយន្តដែលសមត្ថកិច្ចចាប់ឃាត់ទុកកាលពីថ្ងៃទី០៦ខែសីហា កន្លងទៅថ្មីៗនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ថាឈើនេះជារបស់ឈ្មួញមួយណានៅឡើយទេ ចំណែកអ្នកបើកបរក៏រត់គេចខ្លួនបាត់ផងដែរ ហើយបើតាមការអះអាងរបស់នាយឆ្លឹង បទល្មើសដឹកជញ្ជូនឈើដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខាងលើនោះ មិនពាក់ព័ន្ធជាមួយនិងរូបលោកនោះទេ៕ ដោយ៖ឡុង សារ៉េត