ភ្នំពេញ៖លោក រៀល ខេមរិន្ទ្រ តំណាង រាស្ត្រមណ្ឌលស្វាយរៀងរបស់បក្សប្រឆាំង កាលពីម្សិលមិញបានផ្ញើលិខិតស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយស្វែងរកអ្នកប្ដឹងដើម្បីចាត់វិធានការតាមនីតិវិធី ដោយចាត់ទុកថាអ្នកប្តឹងនោះមានចេតនាទុច្ចរិតបង្ខូចកិត្តិយសព្រោះលោកមិនបានកេងប្រវ័ញ្ចប្រាក់បេសកកម្មរាប់ម៉ឺនដុល្លារនោះឡើយ។
កាលពីចុងខែកក្កដា កន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើលិខិតចំហមួយជូនលោក រៀល ខេមរិន្ទ្រ ក្នុងគោលដៅសុំការបំភ្លឺពីតំណាងរាស្ត្របក្សប្រឆាំងចំពោះការចោទប្រកាន់ថាបានកេងប្រវ័ញ្ចប្រាក់ចំនួន៥ម៉ឺន៥ពាន់ ដុល្លារ ពីការរៀបចំដំណើរទៅមើលបង្គោលព្រំដែន។ អង្គភាពប្រឆាំងអំពើពុករលួយស្នើឲ្យលោក រៀល ខេមរិន្ទ្រ ធ្វើការបំភ្លឺ ដោយភ្ជាប់មកជាមួយនូវឯកសារនានាសម្រាប់បញ្ជាក់ ដើម្បីឲ្យអង្គភាពប្រឆាំងអំពើ ពុករលួយវាយតម្លៃមុននឹងសម្រេចបន្តនីតិវិធីរបស់ខ្លួន។
តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានច្រានចោលការចោទប្រកាន់ដែលថា លោកបានកេងប្រវ័ញ្ចប្រាក់ចំនួន៥ម៉ឺន៥ពាន់ដុល្លារ ពីការរៀបចំដំណើរទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ នៅក្នុងលិខិតផ្ញើជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក រៀល ខេមរិន្ទ្រ បានហៅការចោទប្រកាន់នេះថា គឺជាការប្រឌិត ក្នុងចេតនាទុច្ចរិតបង្ខូចកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់លោក។
តំណាងរាស្ត្របក្សប្រឆាំង លោក រៀល ខេមរិន្ទ្រ បានគូសបញ្ជាក់ថា លោកមិនបានទទួលប្រាក់ ឬកេងប្រវ័ញ្ចប្រាក់ក្នុងចំនួនរាប់ម៉ឺនដុល្លារ ដូចការចោទប្រកាន់នោះទេ។ ការអះ អាងរបស់លោក រៀល ខេមរិន្ទ្រ ដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា លោកបានកេងប្រវ័ញ្ចប្រាក់ចំនួន៥ម៉ឺន៥ពាន់ដុល្លារ ដើម្បីរៀបចំដំណើរទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ នៅក្នុងលិខិតផ្ញើជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក រៀល ខេមរិន្ទ្រ បានហៅការចោទប្រកាន់នេះថា គឺជាការប្រឌិត ក្នុងចេតនាទុច្ចរិតបង្ខូច កេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់លោក។
គួរជម្រាបថា ទាក់ទងនឹងការរៀបចំដំណើរទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជាវៀត ណាម តំណាងរាស្ត្របក្សប្រឆាំងរូបនេះពន្យល់ថា លោកបានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជន ទាំងក្នុងស្រុកនិងក្រៅស្រុក សរុបចំនួន២ម៉ឺន៧៥០ដុល្លារ។ បើតាមលោក រៀល ខេមរិន្ទ្រ ថវិកាទាំងអស់នេះ ត្រូវបានចំណាយលើការជួលរថយន្ត ការទិញទង់ជាតិ ទង់សាសនា សម្ភារៈផ្សេងៗ ម្ហូបអាហារ និងទឹកសុទ្ធ។ ហើយរាល់ការទទួល ការគ្រប់គ្រង និងការចាត់ចែងថវិកាទាំងអស់ គឺសុទ្ធតែមានក្រុមការងារតាមផែននីមួយៗ ជាអ្នក ទទួលបន្ទុក និងទទួលខុសត្រូវប្រកបដោយតម្លាភាព។នេះបើតាមលោក រៀល ខេមរិន្ទ្រ។
ក្រៅពីបដិសេធការចោទប្រកាន់ និងបំភ្លឺពីការប្រើប្រាស់ប្រាក់ តំណាងរាស្ត្រមណ្ឌលស្វាយរៀងរបស់បក្សប្រឆាំងរូបនេះ ក៏បានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្វែងរកអ្នកប្ដឹង ដែលមានចេតនាមួលបង្កាច់បង្ខូចកិត្តិយសរបស់លោក ដើម្បីចាត់វិធានការតាមនីតិវិធីផងដែរ៕
លោករៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ