ភ្នំពេញ៖ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវព្រំដែនរបស់រាជបណ្ឌិត្យសភាកម្ពុជាកាលពីរសៀលថ្ងៃទី២៧សីហា ម្សិលមិញនេះ បានសរសេរលិខិតមួយច្បាប់ ជូនលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើសុំផែនទីបោនដែលលោកអ៊ុំ សំអាន អះអាងថា បានរកឃើញនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក ដើម្បីយកមកផ្ទៀងផ្ទាត់។
លិខិតស្នើសុំផែនទីរបស់ប្រធានក្រុមអ្នកស្រាវជ្រាវ ព្រំដែនបានធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានអៈអាងលើបណ្តាញសង្គម Face book របស់លោកថា បានរកឃើញផែនទីបោន របស់ប្រទេសកម្ពុជាចំនួន ២៦ផ្ទាំង ទាំងផែនទី Digital និងផែនទីក្រដាស នៅក្នុងបណ្ណាល័យសភា (Library of Congress) សហ រដ្ឋអាមេរិកនៅ Washington DC។
លិខិតរបស់ប្រធានក្រុមអ្នកស្រាវជ្រាវព្រំដែន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ បង្ហោះតាម Facebookរបស់លោក សុខ ទូច បានលើកឡើងថា “ដើម្បីឯកភាពជាតិ និងអាយុជីវិតជាតិ និងដើម្បីដោះស្រាយ និងការពារព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាង ក្រុមស្រាវជ្រាវគោរពស្នើសុំផែនទីបោនរបស់កម្ពុជាទាំង ២៦ផ្ទាំង ដែលឯកឧត្តម ទទួលបាន យកមកផ្ទៀងផ្ទាត់ជាមួយផែនទី ដែលក្រុមស្រាវជ្រាវ ទទួលបានពីប្រភពនានា ដូចជា៖
១-ផែនទីផ្លូវការ ដែលប្រើប្រាស់ដោយរាជរដ្ឋាភិបាល ចំនួន ២៦ផ្ទាំង
២-ផែនទីពីគណបក្សសង្គ្រោះជាតិ ចំនួន ២៤ផ្ទាំង
៣-ផែនទីពីបណ្ណាល័យព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំនួន ២៦ផ្ទាំង
៤-ផែនទីពីអង្គការសហប្រជាជាតិ ចំនួន ១៨ផ្ទាំង
៥-ផែនទីពីបណ្ណាល័យវិទ្យាស្ថានភូមិសាស្ត្រជាតិ ( បារាំង ) ចំនួន ២៦ផ្ទាំង។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន ប្រាប់ឲ្យដឹងថា ការរក ឃើញផែនទីនោះមិនមានអ្វីប្លែកនោះទេ ។លោកស្រីបន្តថា លោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនបានទៅយកពីផែនទីនោះពី បណ្ណាល័យសភាអាមេរិកកាលពីឆ្នាំ២០០៣ ហើយបច្ចុប្បន្នមានតម្កល់នៅការិយាល័យគណៈកម្មាធិការកិច្ចព្រំដែន។ លោកស្រីបន្ថែមថា៖ “អត់មានអីថ្មីទេ អ៊ីចឹងអ្វីដែលខ្ញុំចង់ប្រាប់ទៅវិញថា រដ្ឋាភិបាលធ្វើការត្រឹមត្រូវច្បាស់លាស់អស់ហើយ យើងអត់មានអីស្ទាក់ស្ទើរហ្មងសៅទេ មានតែលោក អ៊ុំ សំអាន ហ្នឹងមិនជឿជាក់លើរដ្ឋាភិបាលខ្លួនឯង សូម្បីតែឯឧត្តម បាន គីមូន សរ សេរលិខិតមកក៏គាត់មិនជឿទៀត ហើយគាត់ទៅរកអីទៀត។ ខ្ញុំមិនយល់ថាតំណាងរាស្ត្រគាត់ជាតំណាងរាស្ត្រអីទេ”។
លោក អ៊ុំ សំអាន បានប្រាប់អ្នកកាសែតក្នុងស្រុកពីសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកនឹងសិក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀតលើផែនទីនេះ ថាតើវាដូចនឹងផែនទីដែលអតីតព្រះមហាក្សត្រតម្កល់នៅអង្គការសហប្រជាជាតិ ហើយខុសពីផែនទីរបស់រដ្ឋា ភិបាលឬយ៉ាងណា។ ប៉ុន្តែលោកបញ្ជាក់ថាផែនទីនោះពុំមានត្រាវៀតណាមនោះទេ។ លោកបន្តថាលោកអាចឲ្យរដ្ឋាភិបាលផ្ទៀងផ្ទាត់ផែនទីនេះបានប្រសិនបើត្រូវការ។
លោក អ៊ុំ សំអាន ឲ្យដឹងទៀតថាលោកនឹងទៅអង្គការសហប្រជាជាតិ ដើម្បីស្វែងយល់ថាមូលហេតុអ្វីបានជាអង្គការសហប្រជាជាតិ រកផែនទីកម្ពុជាមិនឃើញឬបាត់ពេលណានិងមូលហេតុអ្វី។ លោកបន្ថែមថាលោកនឹងត្រឡប់មកកម្ពុជាវិញនៅចុងខែកញ្ញាខាងមុខនេះ។
គួររំលឹកថា កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ដោយមិន លើកលែងទៅលើអ្នកណាដែលនិយាយថារដ្ឋា ភិបាលប្រើប្រាស់”ផែនទីចោរ”ឬ”ផែនទីក្លែងក្លាយ”។ លោក បន្តថាបើតាមច្បាប់ លោកមិនបាច់សុំផែនទីពីបណ្តាប្រទេសផ្សេងៗមកផ្ទៀងផ្ទាត់នោះទេ ព្រោះព្រះមហាក្សត្រនិងរដ្ឋសភាបានយល់ព្រមឲ្យរដ្ឋាភិបាលប្រើប្រាស់ សន្ធិសញ្ញាបំពេញបន្ថែម២០០៥រួចមក ហើយ តែលោកថាការស្នើសុំនោះដើម្បីឲ្យប្រជាពលរដ្ឋអស់ចិត្ត។
កាលពីថ្ងៃទី២៣ខែសីហា លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដែលបានឲ្យកម្ពុជាខ្ចីផែនទីមកផ្ទៀងផ្ទាត់ ដោយលោកចាត់ទុកថាការផ្ទៀងផ្ទាត់នេះបានបញ្ចប់ការញុះញង់លើបញ្ហាព្រំដែននៅកម្ពុជា។ លោក ហ៊ុន សែន បញ្ជាក់ថាការផ្ទៀងផ្ទាត់ផែនទីទាំង១៨ផ្ទាំងដែលបានមកពីអង្គការ សហប្រជាជាតិបានបង្ហាញឲ្យឃើញ“អំពីភាពត្រឹមត្រូវបេះបិតរវាងខ្សែបន្ទាត់ព្រំដែននៃផែនទីដើម”ដែលរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ជាផ្លូវការ។
លោកបញ្ជាក់ថា៖“លទ្ធផលនេះពិតជាបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់អំពីភាពហ្មត់ ចត់និងការទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការរៀបចំនិងការ អនុវត្តការងាររបស់ខ្លួនក្នុងការកំណត់ និងការបោះបង្គោលព្រំដែនរវាងព្រះរាជាណា ចក្រកម្ពុជាជាមួយប្រទេសជិតខាង”។
រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបបែបណាពីលោក អ៊ុំ សំអាន អ្នក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជុំវិញការស្នើសុំរបស់លោក សុខ ទូច នៅឡើយទេ ៕