ភ្នំពេញ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើសកម្មភាព ញុះញង់ឲ្យមតិជាតិ និងអន្តរជាតិមានការភាន់ច្រឡំ លែងទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាព្រោះផែនទីដែលលោកអ៊ុំ សំអាន ទើបរកឃើញនោះគឺរាជរដ្ឋា ភិបាលបានរកឃើញតាំងពីជាង១០ឆ្នាំកន្លងមកហើយ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែន បានថ្លែងយ៉ាងដូច្នេះ នៅ ក្នុងសន្និសីទមួយកាលពីវេលាម៉ោង១៤:៥៧នាទី រសៀលថ្ងៃនេះ នៅទីស្តីការគណៈរដ្ឋ មន្ត្រី ដែលសន្និសីទកាសែតនេះ ធ្វើឡើងឆ្លើយតបទៅនឹងសកម្មភាព នឺងការចោទប្រកាន់របស់លោក អ៊ុំ សំអាន ដែលអះអាងលើ Facebook របស់លោកថា លោកបានរកឃើញផែនទីបោន របស់ប្រទេសកម្ពុជាចំនួន ២៦ផ្ទាំង ទាំងផែនទី Digital និងផែនទីក្រដាស ដែលសម្តេចតា បានយកទៅតម្កល់ទុកនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំ១៩៦៤។
លោក វ៉ា គឹមហុង បានថ្លែងបន្តថា លោកមិនចង់ធ្វើសន្និសីទទេ តែមកដល់ពេលនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានវាយប្រហារយ៉ាងខ្លាំងថា លោកបានកុហក់បោកប្រាស់លើបញ្ហាផែនទីនេះ។តែលោកមិនដែលបានកុហក់មិន ដែលលាក់លៀមអីទេ។
លោក វ៉ា គឹមហុង បានថ្លែងទៀតថា លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកំពុងតែធ្វើ គឺជាការញុះញង់ឲ្យមតិជាតិ និងអន្តរជាតិលែងទុកចិត្តលើរាជរដ្ឋាភិបាល កម្ពុជា។
លោក វ៉ា គីមហុង បានបញ្ជាក់ថា “ការចោទបែបញុះញង់នេះ គ្រោះថ្នាក់ណាស់ ចំពោះប្រទេសជាតិយើង ញុះញង់ធ្ងន់ធ្ងរ មិនអាចអត់អោនអោយបានទេ។ ញុះញង់ធ្វើប៉ះពាល់ទំនាក់ទំនងអន្តរជាតិ ញុះញង់ អោយមានអស្ថេរភាពតាមបណ្តោយព្រំដែន រំខានដល់ការបោះបង្គោលព្រំដែន។ គាត់ចោទថា យើងប្រើផែនទីក្លែងក្លាយ ផែនទីចោរ”។ប៉ុន្តែផែនទីដែលគាត់អះអាងថាទើបរកឃើញនៅបណ្ណាល័យសភាសហរដ្ឋអាមេរិកនោះ គឺរដ្ឋាភិបាលកម្ពុជារកឃើញជាង១០ឆ្នាំកន្លងមកហើយ៕ដោយ៖ខេមរា