ភ្នំពេញ៖ ព្រឹកម៉ិញនេះ សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោស លោក អ៊ុក ពេជ្រសំណាង អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ ១៤លានរៀល ក្រោមបទចោទថ្មីមួយទៀត គឺ«ហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារ ណៈ»។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ ចៅក្រមជំនុំជម្រះនៃសាលា ដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណ: បានប្រកាសសាលក្រមផ្តន្ទាទោសជនត្រូវចោទឈ្មោះ អ៊ុក ពេជ្រសំណាង ជាសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោមបទល្មើសថ្មីគឺ «ហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ» ដោយសម្រេចដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចូលរដ្ឋចំនួន ៤លានរៀល ហើយនិងសងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១០លានរៀល។
គួររំលឹកថា លោក អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ បានបើកម៉ូតូរ៉ឺម៉កកង់៣ បុកបារ៉ាស់របស់សមត្ថកិច្ចនៅក្បែរភូមិ គ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយកាលពីពេលថ្មីៗនេះ លោក អ៊ុក ពេជ្រសំណាង ធ្លាប់ត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ៧ឆ្នាំ ក្នុងរឿងចូលរួមកុបកម្មនៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យផងដែរ៕ដោយ៖ខេមរា