ភ្នំពេញ:ល្បែងភ្នាល់ច្រើនប្រភេទត្រូវគេបើកលេងដោយសេរីជ្រកក្រោមស្លាក់ «កាហ្វេ ណេត ២៤ម៉ោង» នៅខាងជើងវត្តភ្នំ ជាប់ក្លឹបកម្សាន្ត កាហ្សា CASA គ្មានសមត្ថកិច្ចណាហ៊ានចូលបង្ក្រាបឡើយ ព្រោះមានមន្ត្រីប៉េអឹមឋាន:ពាក់ផ្កាយ៣ ម្នាក់នៅកាងពីក្រោយ។នេះបើតាមការអះអាងរបស់មន្ត្រីមូលដ្ឋានបានខ្សឹបប្រាប់ឲ្យដឹង។
មន្ត្រីមូលដ្ឋានក្នុងខណ្ឌដូនពេញមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ថ្មីៗនេះប្រជាពលរដ្ឋរស់នៅម្តុំសណ្ឋាគារ កាហ្សា CASA ខាង ជើងវត្តភ្នំ ខាងក្រោយសាលាខណ្ឌដូនពេញបានសម្តែងការរិះគន់ទៅលើថ្នាក់ដឹកនាំខណ្ឌដូនពេញ ដោយសារអាជ្ញាធរមិនបង្ក្រាបទីតាំងល្បែងស៊ី សងជ្រកក្រោមស្លាក “កាហ្វេណេត ២៤ ម៉ោង” ដូចរៀបរាប់ខាងលើ នេះ។ ទីតាំងល្បែងនោះស្ថិតនៅខាងជើងក្លឹបកំសាន្ត កាហ្សា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ។
ប្រភពបន្តថា ការមិនហ៊ានបង្ក្រាបទីតាំងល្បែងខាងលើនេះ ត្រូវគេទម្លាយឲ្យដឹងថា ដោយសារតែអាជ្ញាធរមូលដ្ឋាន ខ្លាចអំណាចមន្ត្រីប៉េអឹមផ្កាយ ៣ម្នាក់រូបនោះ។ប្រភពបានស្នើសុំមិនបញ្ជាក់ពីអត្តសញ្ញាណរបស់លោកផ្កាយ៣ ប៉េអឹមនោះទេ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានរិះគន់ថា ពេលកន្លងមក អាជ្ញាធរមានសមត្ថ កិច្ចខណ្ឌដូនពេញធ្វើការបង្ក្រាបតែទីតាំងល្បែងស៊ីសងតូចៗដែលគ្មានខ្នងបង្អែក និងអ្នកមានអំណាចនៅពីក្រោយខ្នងប៉ុណ្ណោះ ចំណែកទីតាំងល្បែងស៊ីសងធំៗមួយចំនួនដែលមានខ្នងបង្អែក គឺល្បអាជ្ញាធរមានសមត្ថ កិច្ច មិនហ៊ានធ្វើការបង្ក្រាបនោះឡើយ ដូចជាល្បែងស៊ីសងដែលស្ថិតក្នុងទីតាំង«កាហ្វេណេត ២៤ ម៉ោង»ដូចការលើកឡើងនេះជាដើម។
ប្រភពដដែលបញ្ជាក់ថា ប្រភេទល្បែងស៊ីសងដែលជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” ខាងលើនេះ មានដូចជា ល្បែងភ្នាល់បាល់ កន្ទុយ លេខ និងល្បែងភ្នាល់ផ្សេងទៀតតាមអនឡាញ ដែលគេរាយការណ៍ថា បន្តផ្ទាល់ពីកាស៊ីណូជ្រៃធំ ខេត្តតាកែវ។
មន្ត្រីដដែលអះអាងថា កន្លងមក សមត្ថកិច្ចធ្លាប់ចុះទៅសួរនាំក្នុងបនល្បែងនោះដែរ ហើយត្រូវអ្នកធ្វើការនិយាយចុះឡើងៗ និងបានយក ឈ្មោះមន្ត្រីប៉េអឹមផ្កាយ ៣ម្នាក់ មកកាងធ្វើឲ្យឲ្យមន្ត្រីមូលដ្ឋានរួញខ្លួនមិនហ៊ានរាយការណ៍ទៅថ្នាក់លើស្នើសុំការបង្ក្រាបនោះទេ។
តាមរយ: មេគង្គប៉ុស្តិ៍ ប្រជាពលរដ្ឋបានសំណូមពរទៅអាជ្ញាធរមានសមត្ថ កិច្ចពាក់ព័ន្ធឲ្យចាត់វិធានការទីតាំងល្បែងស៊ីសងខុសច្បាប់ និងអាងខ្នងអ្នកមានអំណាចមួយចំនួន នៅក្នុងខណ្ឌដូនពេញ ពីព្រោះល្បែងស៊ីសងរីកដូចផ្សិត បង្កឲ្យមានអំពើលួចឆក់ប្លន់ និងអំពើចោរកម្មផ្សេងៗ កើតមានឡើងជាបន្តបន្ទាប់បង្កផលលំបាកដល់សង្គមជាញឹកញាប់។
ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អភិបាលខណ្ឌដូនពេញ និងអធិការ នគរបាលខណ្ឌ ផងដែរចាត់វិធានការទីតាំងល្បែងស៊ីសងខុសច្បាប់នៅ ក្នុងខណ្ឌដូនពេញផង ជាពិសេសលោក គួច ចំរើន អភិបាលខណ្ឌដូន ពេញ ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋសូមមេត្តាចាត់ ការ បង្ក្រាបបនល្បែងអនឡាញនេះឲ្យបានឆាប់ផង។
ម្ចាស់ទីតាំង«កាហ្វេណេត ២៤ ម៉ោង » មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការ បកស្រាយបានទេ កាល រសៀលថ្ងៃម្សិលម៉ិញនេះ៕ ដោយ៖រដ្ឋា