ខេត្តក្រចេះ ៖រថយន្តភ្លៅ៥មួយគ្រឿងដឹកឈើប្រណីតជាង៧០ម៉ែត្រគីបដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់ឈ្មួញឈើដ៏ល្បីម្នាក់នៅខេត្តក្រចេះគឺឧកញ៉ា សឹង្ហ សំអុល បានក្រឡាប់ហើយក្អួតចេញសុទ្ធតែឈើប្រណីតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីចុងខែ សីហា នៅត្រង់ចំណុច K3 ផ្លូវចូលក្រុមហ៊ុន៩៩៩៩ ចម្ងាយប្រមាណ១០០ម៉ែត្រពីផ្លូវលេខ៧៦ ក្នុងភូមិក្រញូងសែនជ័យ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ហេតុការណ៍ក្រឡាប់រថយន្តហើយក្អួតចេញឈើប្រណីតខុសច្បាប់នោះបាន ធ្វើ ឲ្យកកស្ទះ ចរាចរណ៍មួយរយះទម្រាំក្រុមសមត្ថកិច្ចស្ទួចយករថយន្តនោះចេញ។ មូលហេតុដែលបណ្តាលឲ្យក្រឡាប់ព្រោះតែរថយន្តផ្ទុកឈើប្រណីតច្រើនពេកគ្រាដែលផ្លូវទ្រុឌទ្រោម និងរងទឹកភ្លៀងទន់ជ្រាយធ្វើឲ្យផុងកង់រថយន្តក្រឡាប់តែម្តង ។
ក្រោយពេលក្រឡាប់រថយន្តផ្ទុកឈើប្រណីតខុសច្បាប់រាប់សិបម៉ែត្រគីបនេះ គេឃើញក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មាន និងថតរូបយ៉ាងច្រើនកុះករ។ ប៉ុន្តែមិនមានសារព័ត៌មានណាបានចុះផ្សាយនោះឡើយ ព្រោះតែមេកាលោកឧកញ៉ា សឹង្ហ សំអុល បានឈរកាងនៅទីនោះ រួមជាមួយការសន្យាថា នឹងផ្តល់លុយឲ្យដើម្បីជាថ្នូរកុំឲ្យមានការចុះផ្សាយ។
យ៉ាងណាក៏ដោយ អ្នកឃើញហេតុការណ៍ខាងលើនេះបានលើកឡើងថា ករណីក្រឡាប់រថយន្តដឹកឈើនោះជាភស្តុតាងនៃអំពើពុករលួយនិងឥតប្រកែកបាន ដែលបង្កឡើងដោយក្រុមដៃជើងសំខាន់ៗរបស់ឧកញ៉ា សឹង្ហ សំអុល រួមទាំងឈើដែលធ្លាក់រាយប៉ាយគឺជាភស្តុតាងសមល្មមអាចវែកមុខឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើយ៉ាងរង្គៀលនៅខេត្តក្រចេះបានហើយ។
គួរកត់សម្គាល់ថា រហូតមកដល់ពេលនេះពុំមានសារព័ត៌មានណាមួយចេញផ្សាយព័ត៌មានទាក់ទងការក្រឡាប់រថយន្តដឹកឈើប្រណីតល្មើសច្បាប់របស់ឧកញ៉ា សឹង្ហ សំអុល នោះទេ ព្រោះថាពួកគេប្រហែលជារង់ចាំការសន្យាផ្តល់លុយពេលបំណាច់ខែរបស់មេការឧកញ៉ា អុល នោះហើយ។
តាមប្រភពព័ត៌មានផ្សេងទៀតដែល មេគង្គប៉ុស្តិ៍ ទទួលបានចុងក្រោយបានឲ្យដឹងថា ឈើដែលផ្ទុកក្នុងរថយន្តភ្លៅ៥ដែលក្រឡាប់នោះ ជាឈើរបស់លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះទៅវិញ ។ ប៉ុន្តែមូលហេតុដែលមេកាលោកឧកញ៉ា សឹង្ហ សំអុល ចេញមុខការពារនោះ ព្រោះថាមេកាលោកឧកញ៉ា សំអុល ឈ្មោះ ថុន គឺជាជនពូកែខាងរត់ការកាងរថយន្តដឹកឈើខុសច្បាប់សូកប៉ាន់មន្ត្រីជំនាញ និងសមត្ថកិច្ចគ្រប់ច្រកល្ហក។ ដូច្នេះហើយទើបលោកស្នងការខេត្តបានប្រគល់សិទ្ធិឲ្យមេការរូបនោះឈរកាង និងរត់ការបើកផ្លូវឲ្យរថយន្តដឹកឈើប្រណីតខុសច្បាប់ខាងលើនេះបានធ្វើដំណើរទៅដល់គោលដៅ។
ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះដែរ លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះមិនអាចស្វែងរកសុំការបំភ្លឺបានទេ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានរិះគន់ថា អ្វីដែលគេបាន និងកំពុងកត់សម្គាល់នោះគឺក្រុមលោកឧកញ៉ា សំអុល មិនដែលរកស៊ីអ្វីដែលស្របច្បាប់នោះទេ ជាពិសេសការកាប់បំផ្លាញនិងជំនួញឈើតែម្តង ។ ហេតុដូច្នេះហើយទើបឈ្មោះលោកឧកញ៉ា សឹង្ហ សំអុល ត្រូវបានគេស្គាល់ជាទូទៅថា ជាមេខ្លោងរកស៊ី និងកាប់បំផ្លាញព្រៃឈើយ៉ាងសកម្មនៅខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។ ប្រភពបន្តថា មូលហេតុដែលលោកឧកញ៉ា សំអុល នៅតែជួបសំណាងល្អជាក្នុងមុខជំនួញខុសច្បាប់របស់ខ្លួន ព្រោះតែក្រុមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើរួមទាំងអាជ្ញាធរពាក់ព័ន្ធ សុទ្ធតែលូកដៃទទួលលុយលោកឧកញ៉ា សំអុល ជាថ្នូរនឹងការធ្វើមិនដឹងមិនឮចំពោះបទល្មើសព្រៃឈើដែលបង្កឡើងដោយលោក សឹង្ហ សំអុល ។
មជ្ឈដ្ឋានដដែលបានអំពាវនាវសូមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យសើរើការរកស៊ីឈើខុសច្បាប់របស់ឧកញ៉ា សឹង្ហ សំអុល ក៏ដូចជាឧកញ៉ា ទ្រី ភាព ស្អីនោះផង មិនគួរបន្តទុកឲ្យពួកគេប្រព្រឹត្តសកម្មភាពពាក់ព័ន្ធនឹងការបំផ្លាញព្រៃឈើយ៉ាងរង្គៀលនោះទៀតឡើយ៕
ដោយ៖ស៊ីណាត