ភ្នំពេញ៖ ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកស្រី ហ៊ុន ស៊ីណាត និងកូនស្រីបានប្រកាសតាម ហ្វេសប៊ុករបស់លោកស្រី ដោយទទូចឲ្យសមត្ថកិច្ចស្រាវជ្រាវ និងវែកមុខម្ចាស់ផេក “បាប និងបុណ្យពិតជាមានមែន” ព្រមទាំងបក្ខពួក ប្រគល់ឲ្យតុលាការវិនិច្ឆ័យទោសទៅតាមច្បាប់។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរថា “នាងខ្ញុំឈ្មោះ ហ៊ុន ស៊ីណាត ជាប្រជាជនមួយរូប សូមប្រកាសបដិសេធព័ត៌មានក្នុងទំព័រ ” បាប និងបុណ្យពិតជាមានមែន ” ដែលបានគូររចនាសម្ព័ន្ធ កំចាត់ក្រុមអ្នកមានស្រុកខ្មែរ និងពុករលួយនៅក្នុងសង្គម ជាពិសេសជួរក្នុងគណបក្សប្រជាជនកម្ពុជា ដោយមានកូនស្រីនាងខ្ញុំ នឹម វណ្ណៈ ជាអនុប្រធាន”។
“យោងខ្លឹមសារ (ផេក) ទំព័របិទមុខ ដែលសរសេរអនាមិក គ្មានអ្នកចេញមុខទទួលខុសត្រូវ នាងខ្ញុំ ហ៊ុន ស៊ីណាត និងកូនស្រី នឹម វណ្ណៈ អាចមិនឆ្លើយតបបាន តែដើម្បីឲ្យមានតម្លាភាព និងបំបាត់មន្ទិលសង្ស័យ ពីសំណាក់ សម្ដេច ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រីព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេស នាងខ្ញុំ និងកូនសូមប្រកាសបដិសេធជាសាធារណៈថា នាងខ្ញុំមិនបានបង្កើត ” ក្រុមឬក៏មានគម្រោងនឹងបង្កើត ” ក្រុមឬរចនាសម្ព័ន្ធកំចាត់អ្នកមានស្រុកខ្មែរ និងមន្ត្រីពុករលួយ ក្នុងជួរគណបក្សប្រជាជនកម្ពុជាទេ ” ព្រោះវាជាអំពើល្មើសច្បាប់ដែលខុសពីច្បាប់រដ្ឋបានចែង ហើយម្យ៉ាងទៀតរាជរដ្ឋាភិបាល ក៏មានអង្គភាពប្រឆាំងអំពើពុករលួយដែលកំពុងតែពិនិត្យមើលបុគ្គលពុករលួយរួចទៅហើយ”។
សំណេរក្នុងហ្វេសប៊ុករបស់លោកស្រីបន្តថា ចំពោះរូបខ្ញុំ រូបថតនាងខ្ញុំ និងកូនស្រី ដែលបានថតជាមួយលោកគ្រូ ព្រំ សាន ឈ្មោះ ផែង វណ្ណៈ និង ហង្ស បូរី នៅតាមទីសាធារណៈ ក្នុងពិធីសាធារណៈ និងមានមិត្តភក្តិច្រើនរបស់នាងខ្ញុំមិនអាចយកមកធ្វើជាភស្តុតាងបង្ហាញថា នាងខ្ញុំ ហ៊ុន ស៊ីណាត បានប្រើ ឬអនុញ្ញាតឲ្យគេប្រើកេរិ៍្ដឈ្មោះរបស់នាងខ្ញុំ និងកូនស្រី ដើម្បីលាភសក្ការៈឡើយ។
សំណេរក៏បានអះអាងថា ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំ និងកូនស្រី សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវ និងវែកមុខម្ចាស់ផេក “បាប និងបុណ្យពិតជាមានមែន” ព្រមទាំងបក្ខពួកគូកនរបស់វា មកជូនតុលាការកាត់សេចក្ដី និងវិនិច្ឆ័យទោសទៅតាមច្បាប់៕