ខេត្តរតនគីរីៈ បែកធ្លាយករណីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃប្រចាំខេត្តរតនគិរី ក្រុមលោក សុខ រ័ត្ន ឃាត់រថយន្តដឹកឈើរបស់ចែសក់ក្រហម ជំរិតទារប្រាក់៣ពាន់ដុល្លារជាថ្នូរនឹងការមិនបង្ក្រាប។ នេះបើតាមការអះអាងរបស់ម្ចាស់ឈើដែលគេបង្ខំយកលុយ។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ មានរថយន្តម៉ាកសាំយ៉ុងចំណុះ១២កៅអីមួយគ្រឿង ព៌ណស អត់ស្លាកលេខ ត្រូវបាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឃាត់ជំរិតហើយបង្ខំទារប្រាក់នៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ពីខេត្តមណ្ឌលគីរី ឆ្ពោះមកខេត្តរតនគីរី ស្ថិតក្នុងភូមិសាស្ត្រឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី ចំងាយប្រមាណជា២គីឡូម៉ែត្រពីស្នាក់សន្តិសុខកង រាជអាវុធហត្ថស្រុកលំផាត់។
ស្ត្រីម្នាក់នៅស្រុកលំផាត់គេហៅគាត់ថា ចែ សាឡាឡា ឬ ចែសក់ក្រហម រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ បានរៀបរាប់ទាំងកំហឹងលាយឡំនិងទឹកភ្នែកថា នៅថ្ងៃខែខាងលើ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង(លោក សុខ រ័ត្ន)បានស្ទាក់រថយន្តសាំយ៉ុងដឹកឈើរបស់ គាត់ បង្គាប់អោយបង់ប្រាក់ចំននួ៣ពាន់ដុល្លារ ជាថ្នូរនឹងការដោះលែង បើមិនដូច្នេះទេគេនឹងបង្ក្រាបរឹបអូសជាសម្បត្តិរដ្ឋ ហើយនិយាយគំហកមិនឲ្យអង្វរលន់តួច្រើនឡើយ ប៉ុន្តែចុងក្រោយគាត់ព្រមព្រៀងនៅតម្លៃត្រឹមតែ ១.២០០ ដុល្លារ។ ចែ សក់ក្រហម បន្តថា ក្រោយពេលចរចាត្រូវគ្នា គាត់បានប្រមែប្រមូលប្រាក់ក្នុងផ្ទះ មិនគ្រប់ទើបសម្រេចចិត្ត យកម៉ូតូឌ្រីមទៅលក់ ដើម្បីយកប្រាក់មកជូនលោកនគបាលរូបនោះ ទើបគេអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតបាន។
ជុំវិញករណីខាងលើនេះ លោកវិរៈសេនីយ៍ឯក សុខ រ័ត្ន នាយរងការិយា ល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកពីនាយកដ្ឋានក្រសួងមហា ផ្ទៃ មិនអាចសុំការបំភ្លឺបានទេ ដោយទទួលទូរស័ព្ទហើយ ពេលឮថា អ្នក សារព័ត៌មានក៏បិទទូរស័ព្ទវិញភ្លាម។
គួរបញ្ជាក់ថា កន្លងមកនៅខេត្តរតនគីរី គេពុំដែលឃើញនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ដែលមកបំពេញភារៈកិច្ចក្នុងខេត្តនេះ បង្ក្រាបបានបទល្មើសម្ដងណាឡើយ គឺពួកគាត់មកទទួលតែលាភសការៈ ពីបទល្មើសគ្រប់ប្រភេទតែប៉ុណ្ណោះ៕ ដោយ៖គង់ កាណុល
លោកវិរៈសេនីយ៍ឯក សុខ រ័ត្ន ពេលឃាត់រថយន្តរបស់ចែ សក់ក្រហម
រថយន្តសាំយ៉ុងពណ៌ ស ដឹកឈើល្មើសច្បាប់របស់ចែ សក់ក្រហម
ឈើដែលគេលាក់ក្នុងរថយន្តសាំយ៉ុង