ភ្នំពេញ៖ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេចច្រានចោលពាក្យស្នើសុំរបស់ក្រុមមេធាវីការពារក្តី ហើយសម្រេចបន្តឃុំខ្លួនលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីនៅពន្ធនាគារព្រៃសបន្តទៀត បន្ទាប់ពីបានបើកសវនាការជិត ២ ម៉ោង ចាប់ពីម៉ោង ២ រសៀល កាលពីថ្ងៃទី១៧ ខែកញ្ញា នេះ។
បន្ទាប់ពីសេចក្តីសម្រេច ដូច្នេះ លោក សំ សុគង់ មេធាវីការពារក្តីលោក ហុង សុខហួរ បានឲ្យដឹងថា ក្រោយពីចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេចដូច្នេះ គឺក្រុមមេធាវីការពារក្តី រួមទាំងលោក ហុង សុខហួរ មិនទាន់សម្រេចថា ត្រូវប្តឹងបន្តទៅកាន់តុលាការ ដើម្បីស្នើសុំដោះលែងលោក ហុង សុខហួរ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ឬយ៉ាងណានៅឡើយទេ។
តុលាការបានចោទប្រកាន់ លោក ហុងសុខហួរ ចំនួន ៣ បទល្មើស៖ ទី១ បទក្លែងឯកសារសាធារណៈ ទី២ បទប្រើប្រាស់ឯកសារក្លែងសាធារណៈ និងទី៣ បទញុះញង់ឲ្យប្រព្រឹត្តបទ ល្មើសមជ្ឈឹម ឬបទឧក្រិដ្ឋ មិនសម្រេច។ បទចោទប្រកាន់ទាំងនោះ ដោយសារតែលោក ហុង សុខហួរ បានក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា ៤ ហើយបង្ហោះក្នុងហ្វេសប៊ុករបស់លោកសមរង្ស៊ី ។
សូមជម្រាបថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។ នៅថ្ងៃទី១៦ ខែសីហា ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចឃុំខ្លួនលោក ហុង សុខហួរ ដែលជាមនុស្សជំនិតនឹងលោក សម រង្ស៊ី ដាក់ពន្ធនាគារព្រៃ ស ក្នុងសំណុំរឿងក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ៕ដោយ៖ ខេមរា