ខេត្តរតនគិរី៖បុរសម្នាក់ឈ្មោះ ឡាំ វង់ ដែលគេដឹងថាជាកូនប្រុសរបស់លោក ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី គឺជាឈ្មួញរកស៊ីឈើខុសច្បាប់យ៉ាងសកម្មក្នុងខេត្តរតនគិរី និងខេត្រដែលមានព្រំដែនជាប់គ្នាដោយដឹកបញ្ជូនទៅលក់នៅស្រុកយួនគ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ។
មន្ត្រីអាជ្ញាធរមួយរូបបានប្រាប់ មេគង្គប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជំនួញឈើប្រណីតខុសច្បាប់របស់ឈ្មោះ ឡាំ វង់ កូនតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បាន និងកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងការដឹកជញ្ជូនឈើចេញពីទីតាំងស្តុកឈើមួយកន្លែងស្ថិតនៅក្នុងភូមិភ្នំកុក ឃុំភ្នំកុក ស្រុកវ៉ើនសៃ ខេត្តរតនគិរី។
ប្រភពបន្តថា ជាធម្មតាគេឃើញ មានរថយន្តចំនួន២គ្រឿងសម្រាប់ដឹកឈើល្មើសច្បាប់ទាំងនោះចេញពីស្រុកវ៉ើនសៃ បញ្ជូនឆ្ពោះទៅលក់នៅប្រទេសវៀតណាមឆ្លងកាត់ក្រុងទេសចរណ៍ បានលុង ដោយចំហគ្មានអ្នកណាហ៊ានប៉ះពាល់ទេ។
ប្រភពបន្តទៀតថា រថយន្តទាំង២នោះទី១ ម៉ាកហ្វ័ររឺណឺ ពាក់ស្លាកលេខភ្នំពេញ 2L-5198 និងទី២ ម៉ាកតាកូម៉ាមួយបាំងកន្លះ ។រថយន្តទាំង២នេះ គេឃើញដឹកឈើពេញប្រៀបចេញពីស្រុកវ៉ើនសៃ កាត់ក្រុងបានលុងស្ទើររាល់ថ្ងៃ គ្មានស្ថាប័នជំនាញណាមួយចេញមុខត្រួតពិនិត្យនោះឡើយ។ករណីដែលគ្មានការបង្ក្រាបបទល្មើសព្រៃឈើដែលបង្កឡើងដោយបុរស ឡាំ វង់ អាចមានហេតុផលពីរយ៉ាងគឺទី១ ដោយសារ ឡាំ វង់ ជាកូនប្រុសរបស់លោកតំណាងរាស្ត្រ ប៊ូ ឡាំ និងទី២ គេជាក្មួយរបស់លោកចៅហ្វាយខេត្តរតនគិរី ។ប៉ុន្តែប្រភពផ្សេងទៀតបានប្រាប់ថា ទោះជាយ៉ាងណា ក៏មន្ត្រីជំនាញមួយចំនួនក្នុងខេត្តបានទទួលលុយសូកប៉ាន់ពីមេឈ្មួញឡាំ វង់ នោះដែរ គឺគេមិនអាចបើកដៃឲ្យ ឡាំ វង់ ប្រព្រឹត្តបទល្មើសព្រៃឈើរំលងភ្នែកបានដោយងាយៗរាប់ឆ្នាំដូចដែល ឡាំ វង់ ធ្លាប់ធ្វើនោះឡើយ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣ និង៤៥នាទី ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ ភ្នាក់ងារក្នុងអង្គភាពព័ត៌មានមួយចំនួនបានទៅដល់កន្លែងស្តុកឈើ ហើយបានឃើញរថយន្ត២គ្រឿងដូចទៅនឹងសេក្តីរាយការណ៍នោះមែនគឺទី១ ម៉ាកហ្វ័ររឺណឺ ពាក់ស្លាកលេខភ្នំពេញ 2L-5198; ទី២ រថយន្តម៉ាកតាកូម៉ាមួយបាំងកន្លះ។ រថយន្តទាំង២គ្រឿងនេះកំពុងត្រូវបានលើកឈើប្រណីតដាក់តំរៀបនៅចំនុចជាប់ក្បាលស្ពានធំ ក្នុងភូមិឃុំខាងលើក្នុងស្រុកវ៉ើនសៃ ។
បុរសម្នាក់ដែលមានវត្តមាននៅកន្លែងស្តុកឈើបានខ្សឹបប្រាប់ថា ស្ទើរតែរាល់ថ្ងៃរថយន្តទាំង២នោះត្រូវគេឲ្យដឹកឈើប្រភេទធ្នង់ចេញពីវ៉ើនសៃ ឆ្លងកាត់តាមផ្លូវអូរជុំ កាត់ក្រុងបានលុង រួចបន្តចេញទៅតាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ លក់ឲ្យឈ្មួញវៀតណាម មិនដែលមានអ្នកណាចាប់ទេ ប៉ុន្តែបែរជាឃើញមានមន្ត្រីជំនាញខ្លះជួយអន្តរាគមន៍បញ្ជូនឈើចេញឆ្លងកាត់ព្រំដែនយ៉ាងរលូនទៅវិញ បើទោះបីជាមានការរិះគន់ធ្ងន់ៗយ៉ាងណាក៏ដោយ។
មេឈ្មួញឈើឈ្មោះ ឡាំ វង់ ដែលល្បីខាងរកស៊ីឈើប្រណីតខុសច្បាប់ខាងលើនេះត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថា បានប្រើប្រាស់ឥទ្ធិពលឪពុករបស់ខ្លួនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដើម្បីកាងមុខរបររកស៊ីខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រីយភាពបក្សកាន់អំណាច ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកម្ទេចរាល់ទង្វើបក្សពួកគ្រួសារនិយម និងការប្រើប្រាស់អំណាចក្នុងរដ្ឋទៅប្រព្រឹត្តិអំពើខុសច្បាប់។
មន្ត្រីនគរបាលស្រុកវ៉ើនសៃម្នាក់សុំមិនបង្ហាញឈ្មោះបានបង្ហើបប្រាប់ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ ថា បុរសឈ្មោះ ឡាំ វង់ ខាងលើនេះ បានជួញដូរឈើប្រណីតខុសច្បាប់ក្នុងខេត្តរតនគិរីជាយូរឆ្នាំមកហើយ គ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាហ៊ានប៉ះពាល់មុខជំនួញខុសច្បាប់របស់គេនោះទេ។
អ្នកបើកបររថយន្តដឹកឈើរបស់ ឡាំ វង់ បានត្អូញត្អែរថា« បងអ្នកកាសែតអើយ មន្ត្រីគ្រប់ជំនាញគ្មានអ្នកណាហ៊ានមកជិតផងទេ តែបើជួបអ្នកសារព័ត៌មានវិញ លោក វង់ តែងស្រែកគំហកស្តីបន្ទោស ហើយមានករណីខ្លះគំរាមបាញ់ពួកគេទៀតផង ! បងអើយ ធ្វើការ ហត់ហើយ មេស្តីអោយទៀត ! »។
ប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកអូរជុំម្នាក់សុំលាក់ឈ្មោះបានអោយដឹងថា ពួកគេនៅរដ្ឋបាលព្រៃឈើអូរជុំឋានៈតូចតាចមិនដែលបានលុយពីលោក ឡាំ វង់ មួយកាក់ មួយសេនមកចាយនោះទេ បានតែមេធំៗថ្នាក់លើ ។ប្រភពបន្តថា« ពួកខ្ញុំបន់អោយតែថ្នាក់លើបង្ក្រាបម្តងទេ ប៉ុន្តែរាប់ឆ្នាំមកហើយគ្មានអ្នកណាហ៊ានបង្ក្រាបសោះ ព្រោះឪពុករបស់គេគឺលោក ប៊ូ ឡាំ ជាតំណាងរាស្ត្រខេត្តនេះ ចំណែកឯពូរបស់គេវិញគឺលោក ថង សាវុន អភិបាលខេត្តរតនគិរីតែម្តង ចឹងហើយបានជាខ្ញុំមិនហ៊ានប៉ះពាល់ទេ»។
លោក ឡាំ វង់ ក៏ដូចជាលោក ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរីដែលត្រូវជាឪពុកកាលពីថ្ងៃទី២១ ខែកញ្ញា ម្សិលម៉ិញនេះ មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការអធិប្បាយពាក់ព័ន្ធនឹងព័ត៌មាននៃការរកស៊ីឈើខុសច្បាប់ដូចខាងលើបានទេ៕ ដោយ៖ឡុង សារ៉េត
ទីតាំងស្តុកឈើប្រណីត និងការរៀបចំលើកឈើដាក់លើរថយន្តនៅថ្ងៃទី២០ ខែកញ្ញា