ក្រសួង​ប្រៃសណីយ៍​មិនសូវកម្រើករឿង បាត់លុយ២៣ម៉ឺនដុល្លារ ក្នុងនាយក ដ្ឋានទូរគមនាគមន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​ភ្នំពេញ ៖​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បង្កើត ក្រុមអធិការកិច្ច​ដើម្បី​ស៊ើបអង្កេត​ជុំវិញ​ការបាត់​លុយ​២៣​ម៉ឺន​ដុល្លារ​នៅ អង្គភាព​ទូរគមនាគមន៍​កម្ពុជា គ្រា​ដែល​លោក ឡាយ ម៉ា​រី​វ៉ូ កំពុង​ប្រឹងប្រែង​រក​វិធី​ទម្លាក់កំហុស​ទៅលើ​កូនចៅ​ក្រោម​ឱវាទ​ដោយ​ខ្វះ ការទទួលខុសត្រូវ​។​

ប្រភពព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា ខណៈ​នេះ​មាន​អ្នកមានអំណាច​ម្នាក់​កំពុងតែ​រត់ការ ដើម្បី​ជួយ​លោក ម៉ា​រី​វ៉ូ ឲ្យ​គេច​ផុតពី​ការទទួលខុសត្រូវ គ្រា​ដែល​មន្ត្រីរាជការ​ក្នុង​អង្គភាព​នេះ​សុទ្ធតែ​បានដឹងថា អ្នកទទួលខុស ត្រូវ​ក្នុងការ​បាត់បង់​ប្រាក់​ដែលជា​ថវិកាជាតិ​ដ៏​សន្ធឹកសន្ធាប់​នេះ​គឺមាន​លោក ម៉ា រី​វ៉ូ តែ​ម្នាក់​គត់​។

យ៉ាងណាក៏ដោយ លោក សែម សំអាង និង​លោក ខឹម តេង​អឿន ដែលជា​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នឹង​ការបាត់​លុយ​ជាតិ​ខាងលើ​ដែរនោះ ធ្លាប់បាន​អះ អាង​ប្រាប់​អ្នកសារព័ត៌មាន​ថា លុយ​២៣​ម៉ឺន​ដុល្លារ​នោះ​ពួកគេ​ប្រគល់​ឲ្យ​ឈ្មោះ ណី សំកុល ប្រធាន​នាយកដ្ឋាន​ហិរញ្ញ​កម្ម​ទទួលបន្ទុក​ប្រមូល​ចំណូល និង​បំណុល​គ្រប់​ចំនួន​ហើយ​គ្រាន់តែ​មិនបាន​ធ្វើឯកសារ​ប្រគល់​ទទួល​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ ។ ទន្ទឹម​នោះ​លោក សែម សំអាង និង​លោក ខឹម តេង​អឿន បាន​ត្រៀម​មេធាវី​រួចជាស្រេច ដើម្បី​ការពារ​ក្ដី​ទប់​ទល់នឹង​ការចោទប្រកាន់​របស់លោក ឡាយ ម៉ា​រី​វ៉ូ​។

ប្រភពពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បញ្ជាក់ ថា បើ​ផ្អែកទៅលើ​ហេតុផល​និង​រឿងរ៉ាវ​ជាក់ស្ដែង គឺ​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា គឺជា​អ្នកទទួលខុសត្រូវ​តែ​ម្នាក់​គត់​ក្នុង​រឿង​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​។ មន្ត្រី​ក្រសួង​ប្រៃសណីយ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ គឺជា​អ្នក​លើក​បន្តុប​លោក ឡាយ ម៉ា​រី​វ៉ូ ឲ្យ​កាន់តំណែង​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា និង​បណ្ដោយ​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

មន្ត្រីរាជការ​អង្គភាព​នេះ​ក៏បាន​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​នៅ​អង្គភាព​ទូរគមនាគមន៍​កម្ពុជា​ជាបន្ទាន់ ព្រោះ​បើតាម​ការអះអាង​របស់​លោក សែម សំអាង និង​លោក ខឹម តេង​អឿន បានបង្ហាញ​ឲ្យ​ឃើញថា លោក ឡាយ ម៉ា​រី​វ៉ូ ជា​អ្នកទទួល ខុសត្រូវ​ធំជាងគេ​ក្នុង​រឿង​បាត់​ថវិកាជាតិ​២៣​ម៉ឺន​ដុល្លារ​នោះ ។

ដើម្បីផ្ទៀងផ្ទាត់នឹងព័ត៌មានខាងលើ មេគង្គប៉ុស្តិ៍ បានព្យាយាមទាក់ទងជួបលោក ឡាយ ម៉ារីវ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជាប្រយោជន៍សុំការបកស្រាយដែរ ប៉ុន្តែទូរស័ព្ទមិន អាចភ្ជាប់ប្រព័ន្ធបានទេកាលពីព្រឹកម្សិលម៉ិញនេះ។

គួររំឭកថា កន្លងមក​មន្ត្រីរាជកា​រ​បុគ្គលិក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ទម្លាយ​ប្រាប់​អ្នកកាសែត​ថា កន្លងទៅ​លោក​ប្រធាន ឡាយ ម៉ា​រី​វ៉ូ តែងតែ​យក​តួនាទី​អំណាច​របស់ខ្លួន​ធ្វើ​ការងារ​ផ្តេសផ្តាស​ជាច្រើន​រួមទាំង រឿង​ពុករលួយ​ផងដែរ ប៉ុន្តែ ម៉ា​រី​វ៉ូ មិនដែល​រង​នូវ​ការដាក់វិន័យ​ ឬ​ស្តី បន្ទោស​ពី​ថ្នាក់លើ​នោះឡើយ ។ ម្យ៉ាងទៀត​ចាប់តាំងពី​លោក​ប្រធាន​មកកាន់​អង្គភាព​នេះ រឿង​មិន​ប្រក្រតី​ជាច្រើន​បាន​កើតឡើង​បន្តបន្ទាប់ គ្រា​ដែល​លោក​ប្រធាន​មិន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​នោះទេ ទំនងជា​គាត់​គិតតែ​រឿង​ម្យ៉ាង គឺ​ផ្គាប់ចិត្ត​ថ្នាក់លើ​ដើម្បី​ការពារ​កៅអី ខ្លាញ់​របស់គាត់​ប៉ុណ្ណោះ​៕ ដោយ៖ភិ​រ៉ា​នុ​ន្ទ្រ​

rftdeee