ភ្នំពេញ៖ កូនប្រុសបង្កើតរបស់លោកឧកញ៉ា ខេន សុភា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ស្រាវជ្រាវ និងចាប់ខ្លួន តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅមុខផ្សារសាមគ្គី ក្នុងរាជធានី ពីបទរំលោភលើសេចក្តីទុកចិត្តដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៤។
ជនល្មើស ដែលចាប់ខ្លួនតាមដីកា តុលាការលេខ ៦៧២ ចុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់លោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនោះ មានឈ្មោះ ខេន សម្បត្តិ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៦៧០ E0, E1 ផ្លូវលេខ១២៨ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឱពុកឈ្មោះ ខេន សុភា ម្តាយឈ្មោះ ជា សុខហ៊ាង ជានីតិជន ដោយចោទពីបទ រំលោភលើសេចក្តីទុកចិត្ត ដែលប្រព្រឺត្តនៅចំណុចផ្ចះលេខ៤ ផ្លូវលេខ ៥៥២ ក្រុម៣៣ សង្កាត់បឺងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤។
ក្រោយពីចាប់ខ្លួនកូនប្រុសឧកញ្ញា ខេន សុភា ភ្លាម សមត្ថកិច្ច បានបញ្ជូនទៅសួរនាំ នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូរាជធានីភ្នំពេញចាត់ការតាមដីការរបស់តុលាការ៕គ.បញ្ញា