ភ្នំពេញ: ករណីបុរសចំណាស់ជនជាតិអាមេរិកម្នាក់ ធ្លាក់ពីលើអាគារនៃសណ្ឋាគារសុខា កម្ពស់២០ជាន់ នៅសង្កាត់ជ្រោយចង្វា របស់លោកឧកញ៉ាផ សុខ គង់ រហូតមកដល់រសៀលថ្ងៃទី៦ តុលា នេះ សមត្ថកិច្ចនៅតែមិនទាន់បង្ហាញពីមូលហេតុពិតប្រាកដនៃការធ្លាក់ស្លាប់នោះនៅឡើយ។
ក្រោយពេលមានហេតុការណ៍ធ្លាក់ពីលើអាគារស្លាប់ភ្លាមៗ គេឃើញមានអ្នកកាសែត ទូរទស្សន៍ជាង ១០ ស្ថាប័នទៅដល់ទីនោះ ប៉ុន្តែត្រូវបានមេការ និងសមត្ថកិច្ចហាមឃាត់ មិនឱ្យចូលយកព័ត៌មាននៅក្នុងបរិវេណសណ្ឋាគារសុខា របស់លោកឧកញ៉ា សុខ គង់ នៅជ្រោយចង្វា រាជធានីភ្នំពេញនោះឡើយ។
គួររំឭកថា នេះជាលើកទី៤ហើយ ដែលសណ្ឋាគារដ៏ទំនើបនៅខាងកើតរាជធានីភ្នំពេញមួយនេះ មានមនុស្សស្លាប់ដោយអាថ៌កំបាំងជាបន្តបន្ទាប់ គិតចាប់តាំងពីថ្ងៃសាងសង់មក។ ប៉ុន្តែហេតុការណ៍ខ្លះ ត្រូវបានបិទបាំងមិនឱ្យមហាជនបានដឹង សូម្បីតែសមត្ថកិច្ចខ្លះក៏មិនត្រូវអ្នកទទួលខុសត្រូវនៃសណ្ឋាគារនោះផ្តល់នូវសេចក្តីរាយការណ៍លម្អិតឲ្យបានដឹងដែរ ។បើចំពោះអ្នកកាសែតវិញ គឺរឹតតែតានតឹងជាងនេះទៅទៀត។
គេហទំព័រនគរបាលជាតិ បានចុះផ្សាយកាលម្សិលម៉ិញដោយដកស្រង់សំដីមន្ត្រីនគរបាលខណ្ឌជ្រោយចង្វា ថា នៅម៉ោង១០ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅមុខសណ្ឋាគារ សុខា ស្ថិតនៅតាមបណ្តោយផ្លូវស្របដងទន្លេសាប ក្នុងភូមិ-សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោយពីមានជនជាតិអាមេរិកកាំងម្នាក់ ធ្លាក់ពីលើសណ្ឋាគារ សុខា កំពស់ ២០ជាន់។
ជុំវិញករណីនេះ មេគង្គប៉ិស្តិ៍ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីអ្នកទទួលខុសត្រូវនៅសណ្ឋាគារ សុខា បានទេ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា នេះ។
ប្រភពដដែលបញ្ជាក់ថា ជនរងគ្រោះជាជនជាតិអាមេរិក ឈ្មោះ Harris charles frederick ភេទប្រុស អាយុ ៦៦ឆ្នាំ មកស្នាក់នៅក្នុងសណ្ឋាគារសុខា ក្នុងបន្ទប់លេខ៧២៨ ជាន់ទី៧តាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ មកម្ល៉េះ។ មុនពេលកើតហេតុ ជនរងគ្រោះត្រូវបានគេប្រាប់ថា បានឡើងទៅអាគារជាន់លើកំពស់២០ ជាន់ ដើម្បីលំហែកាយ បន្ទាប់មកស្រាប់តែធ្លាក់ចុះក្រោមបែកក្បាលស្លាប់មួយរំពេច។ ប្រភពផ្សេងទៀតបានសន្និដ្ឋានថា ការធ្លាក់ស្លាប់នេះជាអំពើឃាតកម្ម។ រីឯអ្នកខ្លះទៀតសង្ស័យថា ជាការលោតសម្លាប់ខ្លួន។
បើទោះបីជាសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យលើសាកសព និងបន្តស៊ើបអង្កេតលើព័ត៌មានដែលផ្តល់ដោយសាក្សី និងពីកាមេរ៉ាសុវត្ថិភាពរួចហើយក្តី ក៏មកទល់ពេលនេះគ្មានព័ត៌មានផ្លូវការណាមួយអាចប្រាប់ពីមូលហេតុពិតនៃការស្លាប់ជនជាតិអាមេរិកនេះទេ ខណ:មជ្ឈដ្ឋានមួយចំនួនផ្តោតការសង្ស័យថា ជាអំពើឃាតកម្ម៕ដោយ៖រដ្ឋា