ដំរីព្រៃចំនួន០១ក្បាល ប្រទះឃើញស្លាប់នៅខេត្តមណ្ឌលគីរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2024 ក+ ក-

ខេត្តមណ្ឌលគីរី៖ សត្វដំរីព្រៃចំនួន០១ក្បាល ត្រូវបានប្រទះឃើញស្លាប់ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅក្នុងភូមិសាស្រ្តដែន ជម្រកសត្វព្រៃកែវសីមា។សត្វដំរីព្រៃនេះ ប្រទះឃើញនៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ហើយមន្ត្រីជំនាញបានស្រង់ចេញពីរណ្តៅ ដើម្បីធ្វើការកោសលវិច័្ចយ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថានកម្ពុជា បានគូសបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដំរីព្រៃចំនួន០១ក្បាល ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋក្នុងតំបន់ ឃើញដេកស្លាប់នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។មន្រ្តីជំនាញខេត្ត បានសហការជាមួយមន្រ្តីជំនាញអង្គការ WCS និង អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការស្រង់ដំរីព្រៃពីរណ្តៅដី នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើការកោសលវិច័្ចយ ពីមន្រី្តជំនាញនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌល គីរី។

យោងតាមរបាយការណ៍ ការសន្និដ្ឋានជំហានដំបូងបានឲដឹងថា ដំរីព្រៃនេះ ប្រហែលបានជាប់ផុងក្នុងរណ្តៅដី ១ថ្ងៃទៅ២ថ្ងៃមុនពេលបានប្រទះឃើញ។យ៉ាងណាមិញ សពដំរីព្រៃមួយក្បាលនេះដែលមានស្នាមរបួសជើងមុខ ជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី១០ ទៅ២០ក្បាល ដែលធ្លាប់បង្ហាញខ្លួនម្តងរួចទៅហើយ កាលពីខែមេសា កន្លងទៅ។

សូមបញ្ជាក់ថា សត្វដំរីព្រៃឬដំរីអាស៊ី បច្ចុប្បន្តនេះដែលស្ថិតនៅតំបន់អាស៊ី មានចំនួនប្រហែល ៤០ ០០០ទៅ ៥០ ០០០ក្បាល ប៉ុណ្ណោះ ក្នុងនោះប្រហែល៧៥% រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា ដែលចំនួននេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជ។ ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីព្រៃឬដំរីអាស៊ីនេះ មានចំនួនប្រហែលពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និង តំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uieg4A-Q0N0