រូបសំណាកលោកយាយម៉ៅដាក់ក្នុងអាស្រមជាប់និងផ្លូវនៅជើងភ្នំសែនហានច្រកសៀមស្ថិតក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពតត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់សល់តែអាស្រមនៅជើងភ្នំតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋទោះជានៅទីជិតឬឆ្ងាយដែលធ្លាប់មានជំនឿជឿជាក់លើលោកយាយម៉ៅថាមានបារមីខ្លាំងពូកែស័ក្តិសិទ្ធិ។តែងទៅធ្វើការបួងសួងនិងបែបន់លោកយាយម៉ៅដើម្បីសុំសេចក្ដីសុខ និងរកស៊ីមានបាន។
ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាសដេលមានជំនឿយ៉ាងមុតមាំលើបារមីលោកយាយម៉ៅបាននិយាយកាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២៤នេះថា ពួកគាត់សោកសៅណាស់បន្ទាប់ពីគេលួចរូបសំណាកលោកយាយម៉ៅទៅបាត់នោះ។ព្រោះប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏ចូលទៅអុចធូបបែបន់លោកយាយម៉ៅសុំក្ដីសុខ ហើយក៏បានទទួលដូចការបន់ស្រន់ជាដរាបរៀងមក។ ជំនឿលើបារមីលោកយាយម៉ៅ របស់អ្នកភូមិដំណាក់ចំបក់ ក៏ដូចជាអ្នកដែលនៅទីជិតឆ្ងាយៗទាំងឡាយបានកើតមានតាំងពីយូរយាណាស់មកហើយ។
គួរបញ្ជាក់ថា ពីមុនរូបសំណាកលោកយាយម៉ៅស្ថិតនៅក្នុងខ្ទមតូច។តែដល់ក្រោយមកក្រុមអ្នកមានជំនឿបាននាំគ្នាកសាងអាស្រមឲ្យធំដើម្បីងាយស្រួលដល់ការចូលទៅធ្វការបន់ស្រន់។ស្រាប់តែកាលពីយប់ថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៤ កន្លងទៅរូបសំណាកលោកយាយម៉ៅត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់។ ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់បានផ្ដោតការសង្ស័យថា អ្នកយករូបសំណាកលោកយាយម៉ៅចេញនេះ ទំនងជាចង់កាន់កាប់ដីជើងភ្នំសែនហានច្រកសៀមនេះ។
យ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋានឃុំសំរោងលើ នៅមិនទាន់មានប្រតិកម្មជុំវិញការបាត់រូបសំណាកយាយម៉ៅនេះនៅឡើយ ។មានតែប្រជាពលរដ្ឋនៅក្នុងឃុំសំរោងលើប៉ុណ្ណោះដែលកំពុងច្រួលច្របល់ចំពោះការបាត់រូបសំណាកលោកយាយម៉ៅនេះ៕
https://youtu.be/EIOuNyUoWUE