(ខេត្តប៉ៃលិន)៖បើតាមការបញ្ជាក់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន កាលពីរំលងអាធ្រាតចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជន់លិចច្រកព្រំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង ១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។
តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។ជា មួយគ្នានេះ លោកជំទាវក៏បានជូនដំណឹងដល់បងប្អូនពលរដ្ឋ ជាម្ចាស់ម៉ូតូដែលចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹក សូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ជាម្ចាស់កម្មសិទ្ធ។ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ ។
គួរបញ្ជាក់ថា ម៉ូតូដែលក្រុមការងារសង្គ្រោះរក្សាទុកជូននោះ មានចំនួន ៣៤គ្រឿង។ដោយនៅបាត់ម៉ូតូ មួយចំនួន និងម៉ូតូកង់បី ២គ្រឿង ហើយក្រុមការងារកំពុងស្វែងរកបន្តទៀត ។
នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា។ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា។
ច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតាវិញហើយ បន្ទាប់ពីទទួលរង ជំនន់ទឹកភ្លៀង កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណ ដល់កងកំលាំងគណៈបញ្ជា ការឯកភាពខេត្ត ប្អូនៗយុវជន សសយក និងអាជ្ញាធរមូលដ្ធាន គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសសូមអរគុណដល់ក្រុមការងារភាគីថៃ ដែលបានសហការសម្របសម្រួល បើកច្រកទ្វារព្រំដែន ជួយឲ្យអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងកាត់ ដោយគ្មានកំណត់ពេលវេលា ដើម្បីជៀសវាងការកកស្ទះចរាចរណ៍។
នៅព្រឹកថ្ងៃទី១៩ តុលានេះ ក្រុមការងារកំពុងចុះរៀបចំសម្អាតបរិស្ថាន និងជួយដោះស្រាយបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារ ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PLW2mCOwJlQ