ពិនិត្យរកសារធាតុញៀនលើមន្ត្រីសាលាខេត្ត និងមន្ត្រីមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2024 ក+ ក-

(ខេត្តកំពង់ឆ្នាំង)៖មន្ត្រីអង្គភាពចំនួន២ គឺមន្ត្រីសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីមន្ទីរហិរញ្ញវត្ថុ ខេត្តនៅព្រឹកថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២៤ ត្រូវបានចូលរួមឲ្យមន្ត្រីជំនាញពិនិត្យទឹកនោម ដើម្បីរកសារធាតុញៀន ដែលអនុវត្តដោយ មន្ត្រីការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅព្រឹកនេះមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការនគរបាលខេត្ត បានចុះអនុវត្តត្រួតពិនិត្យ រកសារធាតុញៀន នៅអង្គភាពមន្ទីរហិរញ្ញវត្ថុនិងមន្ត្រីសាលាខេត្ត សរុបចំនួន ២០០នាក់ ។

លោកស្នងការរង បានបញ្ជាក់ថា ការអនុវត្តបែបនេះគឺតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តដែលទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលក្នុងការ ពិនិត្យដល់កម្លាំងក៏ដូចជាមន្ត្រី រាជការ ដើម្បីឲ្យប្រាកដថាគ្មានគ្រឿងញៀនក្នុងជួរមន្ត្រីរាជការ  ។ ផ្ទុយទៅវិញប្រសិនបើរកឃើញមន្ត្រីណាពាក់ព័ន្ធនឹងគ្រឿងញៀន  គឺអនុវត្តតាមវិធានការរដ្ឋបាល ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ ដោយឡែករយៈពេលពេញមួយព្រឹកថ្ងៃទី ២២ ខែតុលា នេះ នៅក្នុងជួរមន្ត្រីរាជការទាំង២អង្គភាពពុំរកឃើញមន្ត្រីណាម្នាក់មានសារធាតុញៀននោះទេ។

សូមរំលឹកដែរថាបទល្មើសគ្រឿងញៀននៅតែកើតមានឡើងនៅក្នុងខេត្តកំពង់ឆ្នាំងព្រោះ មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនតែងតែចាប់បានគ្រឿងញៀនជាញឹកញាប់គ្រាន់តែទ្រង់ទ្រាយតូច ៗ តែប៉ុណ្ណោះ៕
https://youtu.be/v15P_Lx9Lf0