លោក សម រង្ស៊ី ប្រាប់​ពលករ​ខ្មែរ​នៅ​កូរ៉េ ៖ ខ្ញុំ​អត់​ខ្លាច​ទេ ចង់យក​ខ្ញុំ​ទៅធ្វើ​អី​ក៏​ធ្វើទៅ !
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​បើតាម​គម្រោង​ចាស់ លោក សម រង្ស៊ី ដែល​កំពុងតែ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅឡើយ​នោះ នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៦ វិច្ឆិកា នេះ ប៉ុន្តែ​គម្រោង​នេះ​ទំនងជា​មានការ​ប្រែប្រួល ក្រោយពី​មាន​ដីកាចាប់ ខ្លួន​លោក បើទោះបីជា​លោក​ សម រង្ស៊ី អះអាង​នៅក្រៅ​ប្រទេស​ថា​លោក​អត់​ខ្លាច​ការចាប់ខ្លួន​យ៉ាងណា​ក៏ដោយ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹងថា «​ចរន្ត​នយោ បាយ​នាំមក​នូវ​សេរីភាព ដែល​គ្មាន​នរណា​អាច​ទប់ស្កាត់ កំពុងតែ​រីក​រាលដាល​ទូទាំង​ពិភពលោក ធ្វើ​ឲ្យ​របប​ផ្តាច់​ការដួលរលំ​ម្តង​មួយៗ ដូច្នេះ​អ្នក​ផ្តាច់កា​រទាំង​នៅ​ស្រុក​គេ ទាំង​នៅ​កម្ពុជា​កំពុងតែ​ភ័យខ្លាច​ហើយ​!«​។​លោក​ថ្លែង​បែបនេះ នៅក្រោយពី​មាន​ដីកា​តុលាការ​ក្រុងភ្នំពេញ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ក្នុង​សំណុំរឿង​ជាមួយ​លោក ហោ ណាំហុង ។

​លោក សម រង្ស៊ី ប្រធាន​គណ​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​ពលករ​ខ្មែរ​មួយចំនួន​ដែល​ធ្វើការ​ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ​ថា «​ចរន្ត​នយោបាយ​នាំមក​នូវ​សេរីភាព ដែល​គ្មាន​នរណា​អាច​ទប់ស្កាត់​នោះ បាន និង​កំពុងតែ​រីក​រាលដាល​ទូទាំង​ពិភពលោក ធ្វើ​ឲ្យ​របប​ផ្តាច់​ការដួលរលំ​ម្តង​មួយៗ ដូច្នេះ​ពួក​អ្នក​ផ្តាច់ការ​ទាំងអស់ ទាំង​នៅ​ស្រុក​គេ​ខ្លះ កំពុងតែ​ភ័យខ្លាច​ហើយ​! កំពុងតែ​ស្លន់ស្លោ​ហើយ​! អញ្ចឹង​ហើយ​បានមក​ធ្វើបាប​អ្នកប្រជាធិបតេយ្យ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​»​។ លោក​ថា​« ខ្ញុំ​អត់​ខ្លាច​ទេ ចង់យក​ខ្ញុំ​ទៅធ្វើ​អី​ធ្វើទៅ តែ​ព្រលឹង​ខ្ញុំ​នៅតែ​តាម​ការពារ​ខ្មែរ​ជានិច្ច​»​។

​គួរ​បញ្ជាក់ថា ការលើកឡើង​របស់លោក សម រង្ស៊ី បាន​ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​”​កូន​អា​ក្បត់ជាតិ​” និង​ក្រោយមក​ក៏មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ក្នុង​សំណុំរឿង​ចាស់​ជាមួយ​លោក ហោ ណាំហុង តែម្តង​។

គេ​នៅ​ចាំបាន​ថា លោក សម រង្ស៊ី នាពេល​កន្លងមក ធ្លាប់​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​បារាំង​ដោយ​ប្រដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងមាន​វាសនា​ដូច​ជន​ផ្តាច់ការ ហ្គា​ដា​ហ្វី នៅ​ប្រទេស​ស៊ី​រី​ផងដែរ​។

​សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ វិ​ច្ឆ​កា ដោយ​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ហើយ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​៕ ដោយ៖នូរ៉ា