ក្រោយផ្ទុះបាតុភាពដ៏អាក្រក់ដែលក្រុមហ៊ុន អានកូ វីរធីរ សឹបថ្នាយ ជាក្រុមហ៊ុនឯកជនទឹកស្អាត បានចាក់ដីចូលក្នុងដៃទន្លេសាបដើម្បី ធ្វើ ស្ថានីយ៍បូមទឹកដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហូរទឹកនិង បរិស្ថាន។
នៅថ្ងៃទី ១៩ខែមេសាឆ្នាំ ២០២៥ គេឃើញក្រុមការងារក្រសួងពាក់ព័ន្ធ មាន ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម ហែល តូនី អនុប្រធានក្តាប់ រួមនៃអាជ្ញាធរទន្លេសាប ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកអភិបាលក្រុងកំពង់ឆ្នាំង បាន ចុះទៅពិនិត្យទីតាំងជាក់ស្ដែងរបស់ក្រុមហ៊ុនឯកជននេះ ដែលស្ថិតនៅ កំពង់ ផែថ្មី ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ក្រុមហ៊ុនបានចាក់ដីរំលោភ ចូល ដៃទន្លេប្រវែង ៧០ ម៉ែត្រ ហើយបានលើកជាទំនប់ដោយគ្មានការអនុញ្ញាត ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដោយខុសនីតិវិធី ។
នៅក្នុងកិច្ចប្រជុំតំណាងក្រុមហ៊ុនអានកូ បានលើកឡើងថាការចាក់ដីលើក ទំនប់នេះគឺដើម្បីការពារ ម៉ាស៊ីនបូមទឹក ពីការរំខានដោយដើមកំប្លោក ក្នុង ទន្លេ សម្រាប់បូមទឹកយកមកបម្រើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃនៅក្រុងកំពង់ឆ្នាំង ដែលខ្វះទឹកស្អាតក្នុងរដូវប្រាំងដោយ ពុំមានចេតនាហ៊ុមព័ទ្ធយកដីធ្វើកម្មសិទ្ធិនោះទេ។
បើទោះបីក្រោមហេតុផលដោះសាររបស់តំណាងក្រុមហ៊ុនយ៉ាងនេះក្តី។ ក្រសួងធនធានទឹក ក៏ដូចជាអាជ្ញាធរបឹងទន្លេសាប តម្រូវឲ្យក្រុមហ៊ុនអានកូ ជាក្រុមហ៊ុនឯកជនទឹកស្អាត ស្ដារអាចម៍ដីចេញវិញ ដោយទុក រយៈពេលមួយ សប្តាហ៍។ ចំពោះខាងក្រុមហ៊ុនក៏ដូចជាថ្នាក់ខេត្ត បានសម្របសម្រួលស្នើសុំ ប្រជុំកម្រិតបច្ចេកទេស ជាមួយក្រសួង និងក្រុមហ៊ុន ទឹកស្អាត នៅថ្ងៃច័ន្ទ និង បន្ទាប់មកទៀតយើងនឹងធ្វើការប្រជុំលក្ខណៈបច្ចេកទេសជាមួយនឹងមន្ត្រី
បច្ចេកទេសធនធានទឹកដើម្បីសម្រេចចុះអនុវត្តជាក់ស្ដែងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
គួររំលឹកថាការចាក់ដីរំលោភចូលដៃទន្លេសាបរបស់ក្រុមហ៊ុន ទឹកស្អាត អានកូ គឺមានរយៈពេលយូរខែមកហើយ។ប៉ុន្តែដោយសារមាន សារព័ត៌មានបានចុះ ផ្សាយទើបឃើញមានចំណាត់ការបែបនេះ ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hhtMj3ozE5I