បាងកក៖កម្មកររោងចក្រម្នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីបានប្រើពាក្យមិនសមរម្យចំពោះសត្វឆ្កែសំណព្វចិត្តរបស់ស្ដេចថៃ តាមរយៈបណ្ដាញសង្គម Facebook។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Telegraph ។
បុរសរូបនេះឈ្មោះ Thanakorn Siripaiboon វ័យ២៧ឆ្នាំ មុខរបរជាជាងម៉ាស៊ីនអាចប្រឈមមុខនឹងការជាប់គុក៣៧ឆ្នាំ ក្រោយពីបាន «ប្រើពាក្យបណ្ដុះបណ្អាប់» ទៅលើសត្វឆ្កែមួយក្បាលដែលមានឈ្មោះថា Thong Daeng ដែលជាសត្វចញ្ចឹមសំណព្វចិត្តរបស់ស្ដេចថៃ Bhumibol Adulyadej។ បន្ថែមលើនេះ លោក Thanakorn ត្រូវបានតុលាការថៃចោទថា បានព្រមាថដល់រាជវង្សស្ដេច ជាពិសេសគឺព្រះមហាក្សត្រថៃ Bhumibol Adulyadej ព្រោះលោក Thanakorn បានមើលងាយសត្វសំណព្វចិត្តរបស់ស្ដេច ស្មើនឹងមើលងាយដល់ស្ដេចដែរ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសថៃ គ្មាននរណាម្នាក់អាចរិះគន់ដល់គ្រួសាររាជវង្សស្ដេចបានឡើយ មិនត្រឹមតែមិនគោរពនោះទេ គឺថែមទាំងមានទោសទៀតផង៕