មណ្ឌលគិរី៖តំណាង អង្គការ WWFកម្ពុជា លោក មូល ផាត បានមាន ប្រសាសន៍ថា ខេត្ត មណ្ឌលគិរី ជាតំបន់ អាទិភាព ក្នុងការ អភិរក្សសត្វ ដែលកំពុង រងគ្រោះ ថ្នាក់ទាំង១៨ ប្រភេទ ដូចជា ដំរីព្រៃ ទន្សោង ខ្ទីង ល្មូន បក្សី និងសត្វ ទោចជាដើម។
មណ្ឌលគិរី ជាតំបន់ដែលសំបូរទៅដោយព្រៃ ស្រោង និងពាក់ កណ្តាលស្រោង ជាពិសេស ជាតំបន់ សំខាន់ បំផុត សម្រាប់ ជីវៈចម្រុះ ក្នុងចំណោម តំបន់ ទាំង ២០០ កន្លែង នៅទូទាំង ពិភពលោក។
លោក មូល ផាត បានមានប្រសាសន៍បែបនេះ ក្នុង “ទិវាសត្វព្រៃមណ្ឌលគិរី និងយើងទាំងអស់ គ្នា” ដែលធ្វើឡើងជាលើកដំបូង នៅរង្វង់មូល គោព្រៃ ក្រុងសែនមនោរម្យ កាលពីរសៀលថ្ងៃទី ១៧ ខែធ្នូនេះ ដោយមានមនុស្សចូលរួមយ៉ាង ច្រើនកុះករ។
លោកតំណាងអង្កការWWF បានបន្តថា តំបន់ព្រៃស្រោងនិងព្រៃ ល្បោះក្នុងខេត្តមណ្ឌលគិរី ជាទីជម្រកដ៏សំខាន់របស់សត្វព្រៃ ដូចជា សត្វទន្សោង ខ្ទីង ប្រើស ត្មាត ឈ្លូស ខ្លា និងសត្វផ្សេងៗទៀត។ សត្វត្រយ៉ងចង្កំ-ក-ស និងសត្វត្មាត បានផុតពូជហើយនៅប្រទេសជិខាង ដូចជាវៀតណាម និងឡាវ ហើយបច្ចុប្បន្ននៅកម្ពុជា សត្វទាំងនេះ កំពុងរងគ្រោះថ្នាក់ខ្លាំងបំផុត។
ដូច្នេះលោកបានអំពានាវដល់បងប្អូនទាំងអស់ អាជ្ញាធរដែនដី និងស្ថប័នជំនាញ គ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមថែរក្សា និងការពារធនធានធម្មជាតិ និងបន្តការគាំទ្រចំពោះ ការទប់ស្កាត់ សកម្មភាព ជួញដូរសាច់ សត្វព្រៃគ្រប់ប្រភេទ និងការទប់ស្កាត់ ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធឯកជន ដែលបង្កឲ្យប៉ះពាល់ដល់ទីជម្រកសត្វ៕ដោយ៖សុខណាត