ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ អ្នកបើករថយន្តទំនើបMercedes GL550 មួយគ្រឿងជាជនជាតិចិនបានបើកបរហួសល្បឿនកំនត់ក៏ រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលអោយបាក់ បង្គោលភ្លើងមួយដើម រាបដល់ដី តែសំណាងល្អ មិនបង្កគ្រោះ ថ្នាក់ដល់អ្នកដទៃ ចំណែកអ្នកនៅក្នុង រថយន្តរបួសបន្តិចបន្តួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៣ និង២០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ មុខមន្ទីរពេទ្យសំរាកព្យាបាល ឈួអីុសេង តាមបណ្តោយ ផ្លូវជាតិលេខ១៩៣ កែងនិងផ្លូវលេខ ៣៦៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន ។
បុរសសន្តិសុខម្នាក់ឃើញហេតុការណ៍នេះនិយាយថា មុនពេលកើតហេតុ គាត់បានឃើញរថយន្ទទំនើប Mercedes GL550មួយគ្រឿង ពណ៌ទឹកស ពាក់ ស្លាកលេខ ភ្នំពេញ 2-AJ6888 ដែលក្នុងនោះមានបុរសជនជាតិចិនបីនាក់ នៅក្នុងរថយន្ត បានបើកបរតាមបណ្តោយផ្លូវជាតិលេខ១៩៣ ក្នុងទិសដៅពីជើងទៅត្បូង ទាំងស្ថានភាព ស្រវឹង ផងនោះ ស្រាប់តែមកដល់ចំណុចផ្លូវកែងលេង ៣៦៦ រថយន្ត ក៏បួងចង្កូតបត់ទៅខាងឆ្វេងដៃ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឱ្យរលើងបាក់ដល់ដី និងដាច់ខ្សែរភ្លើងរប៉ារប៉ាយ ពេញផ្លូវ ហើយចំណែករថយន្តបង្កបានរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំធ្វើអោយរថយន្តទៅមុខលែងរួចតែម្តង ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើករថយន្តរួមទាំងអ្នករួមដំណើរជាមួយគ្នានោះ ក៏ចុះចេញពីរថយន្តរបស់គេ គេចខ្លួនទៅបាត់ស្រមោល ។
ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការ ជាមួយជំនាញធ្វើការវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ដោយ៖រដ្ឋា