ភ្នំពេញ: កូនប្រុសរបស់អតីតតារាសម្តែង និងជាផលិតករជើងចាស់ពីជំនាន់មុនម្នាក់បានធ្លាក់ពីលើខុនដូ NOBLESS កម្ពស់ជាន់ទី១៦ មកក្រោមធ្លុះដំបូលផ្ទះប្រជាពលរដ្ឋដែលនៅជិតនោះចូលចំបន្ទប់ផ្ទះបាយស្លាប់ភ្លាមៗ។
ករណីមនុស្សធ្លាក់ដ៏អាថ៌កំបាំងនេះ កើតឡើងនៅវេលាម៉ោងប្រហែល ១៩ យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតអាគារខុនដូ NOBLESS ជាន់ទី១៦ បន្ទប់១៦០៤ ក្នុងដីឡូតិ៍លេខ៦០ ផ្លូវលេខ៣៣៧ ភូម៦ ក្រុម២១ នៅក្រោយប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសដែលគេប្រាប់ថាធ្វើអត្តឃាតនោះឈ្មោះ ហ៊ុយ ឈីន អាយុ២៥ ស្នាក់នៅបន្ទប់១៦០៤ ជាន់ទី១៦ ខុនដូ NOBLESS បានលោតពីជាន់ទី១៦។ បុរសរូបនេះត្រូវបានគេស្គាល់ថា ជាកូនលោកឧកញ៉ា ហ៊ុយ គឹង ជាតារាសម្ដែង និងផលិតករជើងចាស់ដ៏ល្បីឈ្មោះក្នុងទសវត្សទី៧០ មួយរូប ។
អ្នកស្នាក់នៅក្នុងផ្ទះជួលខាងក្រោមដែលជនរងគ្រោះធ្លាក់ចំនោះបានអះអាងថា នៅមុនពេលកើតហេតុនោះ ពួកគាត់កំពុងតែហូបបាយសុខៗ ស្រាប់តែធ្លាក់មនុស្សម្នាក់ពីលើមកធ្លាយដំបូលផ្ទះរបស់គាត់មកដល់ឥដ្ឋធ្លាយខួរប្រកាច់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់។
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីឲ្យដឹងថាជាករណីឃាតកម្ម ឬក៏ជាករណីផ្សេងទៀត៕