ភ្នំពេញ៖ជនសង្ស័យចំនួន៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌទួលគោកចុះឃាត់ខ្លួនខណៈសំងំលាក់ខ្លួននៅក្នុងទឹកដីខណ្ឌទួលគោកបន្ទាប់ពីបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូកាលរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅផ្លូវ១៧៣ កែងផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា នៅវេលាដូចខាងលើខណៈដែលជនរងគ្រោះជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥មួយគ្រឿងមានគ្នា២នាក់មកដល់ចំនុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ជិៈម៉ូតូ២គ្រឿងមកវាយប្លន់ពីជនរងគ្រោះ ខណៈនោះជនរងគ្រោះបានប្រតាយប្រតប់គ្នាក្រញៅបណ្តាលអោយត្រូវកជនសង្ស័យចំនួន២នាក់ ប៉ុន្តែដោយសារជនសង្ស័យមានគ្នាច្រើនទើបប្លន់នោះបានសម្រេចហើយគេចខ្លួនបាត់។
សមត្ថកិច្ចបានប្រាប់ទៀតថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាចំពោះក្រុមជនសង្ស័យខាងលើដែលលាក់ខ្លួននៅក្នុងទឹកដីខណ្ឌទួលគោកទើបសហការជាមួយកម្លាំងខណ្ឌទួលគោកដើម្បីឃាត់ខ្លួន។
ជនសង្សយ័ទាំង៧នាក់ដែលឃាត់ខ្លួនទី១ ឈ្មោះលី គឹមសុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទៈលេខ៣C ផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី២ឈ្មោះស៊ីម ពេជ្រមនោរម្យ ហៅពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី៣ឈ្មោះសុខ ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៥A ផ្លូវ២១០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី៤ឈ្មោះមឿន ស្រីស្រស់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ ទី៥ឈ្មោះខៀវ ចន្ថា ហៅម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ២៤៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី៦ឈ្មោះប៉ិក វាសនា ហៅទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។ ទី៧ឈ្មោះហ៊ឹម សុខលាង ហៅរ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ ស្នាក់នៅស្រុកសំរោង ខេត្តតាកែវ។
ជនសង្ស័យទាំង៧នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំនុំរឿងចាត់ការទៅតាមនីតិវិធី៕ដោយ៖គ.បញ្ញា