ភ្នំពេញ៖មន្ត្រីប៉ូលិសម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់កាលពីយប់ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥ ដោយសាររថយន្តម៉ាកTUNDRA ពាក់ស្លាកលេខ “រាជការ” មួយគ្រឿងបើកបំបុកម៉ូតូ ខណៈមន្ត្រីទាំងនោះកំពុងប្រដេញរថយន្តសង្ស័យ នៅចំណុចផ្លូវលេខ១៥១ ព្រំប្រទល់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង២៣ និង០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ លើកំណាត់ផ្លូវក្រាលគ្រួសក្រហមប្រសិទ្ធិ បាក់ដឹង ត្រង់ចំណុចមុខភូមិប្រសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប់ព្រំប្រទល់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានហេតុការណ៍មួយបានកើតឡើងបង្ក ដោយរថយន្តម៉ាកTuntra ពាក់ស្លាកលេខ រាជការ បានបើកបំបុកម៉ូតូរបស់សមត្ថកិច្ច បណ្តាលឱ្យម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ និងម៉ូតូ១គ្រឿងម៉ាក STR២៣០ពណ៌ខៀវផ្លាកលេខនគរបាល៧៧៣៨ ជិះគ្នា២នាក់ ស្លៀកពាក់ឯកសណ្ឋាននគរបាល ។
ប្រភពបន្តថា ខណៈនោះគេឃើញរថយន្តបើកបន្តកន្ទុយគ្នា ៤គ្រឿង និង១គ្រឿងទៀត បិទគូទពីក្រោយបើកចំងាយប្រហែល ២00ម៉ែត្រ ទៅ៣00ម៉ែត្រពីគ្នា (រថយន្តធុនត្រាល្មើស) បើកក្នុងល្បឿនលឿន។ ដោយមានការសង្ស័យ (អាចករណីបង្កបទល្មើសហើយបើករត់ទើបកំលាំងល្បាតទាំង៤គ្រឿងដេញ តាមពីក្រោយហើយត្រូវរថយន្តធុនត្រា ដែលបិទគូទពីក្រោយបានបើកដេញបំបុកម៉ូតូសមត្ថកិច្ចអូសកំលាំងនគរបាលបណ្តាលឲ្យម្នាក់ស្លាប់ និម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចជាប់ព្រំប្រទល់សង្កាត់ ពន្សាំង និងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គេមិនឃើញមានសមត្ថកិច្ចណាផ្សេងទៀត បន្តដេញចាប់រថយន្តនោះទៀតឡើយ មិនដឹងពីមូលហេតុច្បាស់លាស់ទេ។
ជនរងគ្រោះជាមន្ត្រីសកម្មការងារហើយជាមន្ត្រីនគរបាលដែលគោរពមេកោយ និងស្តាប់បទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសស្តាប់បទបញ្ជារបស់ ក អធិការខណ្ឌព្រែកព្នៅ នោះមាន ឈ្មោះ កែវ សៀងហេង ភេទប្រុសអាយុ២៤ ឆ្នាំ អ្នកជិះពីក្រោយឈ្មោះ សៅ សំណាង (បានស្លាប់) អាយុ២៦ឆ្នាំ អ្នកទាំងពីរជាមន្ត្រីនគរបាលនៅអធិការខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ ។
ចំពោះសាកសពបានប្រគល់ក្រុមគ្រួសារ និងអង្គភាពអធិការដ្ឋានខណ្ឌព្រែកព្នៅ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីពេទ្យ។ករណីនេៈកំលាំងជំនាញបានធ្វើការវាស់វែង និងយកមធ្យោយបាយមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រសិទ្ធិដើម្បីបន្តការស៊ើបអង្កេតស្រាវជ្រាវរករថយន្តបង្កហេតុ៕ដោយ៖សួង សាម