បាត់ដំបង៖បុរសពលករខ្មែរម្នាក់ ត្រូវថៅកែជនជាតិថៃវាយនឹងស្នាប់កាំភ្លើងខ្លី បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចមុខនិងបែក គ្រាប់ភ្នែកស្តាំ កាលពីព្រឹក ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៥ កន្លងទៅនេះ ខណៈដែលបុរសពលកររូបនេះ ទៅធ្វើជាកម្មករ ស៊ីឈ្នួលបេះផ្លែឈើទាំងប្តីនិងប្រពន្ធ នៅក្នុងស្រុកមួយរបស់ថៃ ដែលជាប់នឹងស្រុកកំរៀង ខេត្តបាត់ដំបង។
តាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ ពិត ដួង អាយុ៣២ឆ្នាំ មានស្រុកកំណើត និងរស់នៅខេត្តពោធិសាត់ ដែលអះអាងថាជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់ដែលរងគ្រោះមានឈ្មោះ ម៉ៅ វុធ ដែលបានធ្វើចំណាកស្រុកពីស្រុកកំណើតទៅ ធ្វើជាពលករស៊ីឈ្នួលបេះផ្លែឈើនៅប្រទេសថៃអស់រយៈ៧-៨ខែមកនោះ ត្រូវបានថៅកែជនជាតិថៃវាយក្បាលនឹងស្នាប់កាំភ្លើងខ្លីបណ្តាលឲ្យបែកក្បាលហូរឈាម និងបែកគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ ហើយបានដឹកតាមម៉ូតូឌុបយកប្តីរបស់ខ្លួនមកប្តឹងសមត្ថកិច្ចខាងទំនាក់ទំនងព្រំដែនកម្ពុជានៅច្រកអន្តរជាតិដូង ស្រុកកំរៀង ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយ។
ស្ត្រីឈ្មោះ ពិត ដួង បានរៀបរាប់ពីដំណើររឿងហេតុការកើតឡើងថា ពួកគាត់ពីរនាក់ប្តីប្រពន្ធបានស៊ីឈ្នួលបេះផ្លែឈើ និងធ្វើការឲ្យថៅកែថៃម្នាក់ ឈ្មោះ អេម (ជនជាតិថៃ) រស់នៅចំណុចភូមិសំរោង(ប្រទេសថៃ) ដែលឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា មុនហេតុការកើតឡើង គាត់២នាក់ប្តីប្រពន្ធបានទំនាស់ពាក្យសំដីឈ្លោះប្រកែកគ្នាពេលកំពុងធ្វើការបេះផ្លែឈើជាមួយគ្នា ដោយសារតែប្តីខ្លួនឈ្មោះ ម៉ៅ វុធ បានផឹកស៊ីកាលពីល្ងាច ហើយរូបគាត់បានដាស់តឿនប្តីពីរឿងផឹកស៊ី… ក៏ ឈ្លោះគ្នាប្រកែកបន្តិចបន្តួច កាលពីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ដោយសារតែថៅកែថៃមិនចូលចិត្ត។ ក្នុងពេលប្រកែកឈ្លោះគ្នានេះ ប្តីខ្លួនបានបណ្តេញឲ្យឈប់ធ្វើការត្រឡប់មកដីខ្មែរវិញ។
ខណៈនោះថៅកែជនជាតិថៃដៃដល់ ឈ្មោះ អេម បានស្ទុះទៅទាញយកកាំភ្លើងខ្លីមកវាយលើប្តីខ្លួនតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរប៉ោងហើមបែកគ្រាប់ភ្នែកស្តាំ។បន្ទាប់មក គាត់បានយកប្តីគាត់ទៅកាន់មន្ទីរពទ្យ ។ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានបែកគ្រាប់ភ្នែកម្ខាង ទើបគាត់ដឹកប្តីមកប្តឹងសមត្ថកិច្ចមាត់ច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យរូបគាត់ និងប្តី។
ទោះបីមានករណីកើតឡើងខាងលើ និង យោងតាមការប្តឹងសមត្ថកិច្ចមាត់ច្រក ឲ្យជួយអន្តរាគមន៍នៅក្នុងរឿងនេះ ពី ទង្វើជនដៃដល់ជនជាតិថៃឈ្មោះ អេម ជាថៅកែជនរងគ្រោះ គេមិនដឹងថាសមត្ថកិច្ចទីនោះ មានចំណាត់ការបែបណានោះទេ ខណៈដែលជនរងគ្រោះបានដាក់បណ្តឹងរួចហើយនោះ?។
គួររំឭកថា កន្លងមកមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកដែលចេញទៅរកការងារធ្វើប្រទេសថៃទាំងស្របច្បាប់និងខុសច្បាប់ថា៖ អាជ្ញាធរកម្ពុជាមិនសូវយកចិត្តទុកដាក់ជួយអន្តរាគមន៍ពេលប្រជាពលរដ្ឋរបស់ខ្លួនជួបបញ្ហាប្រឈមនានានោះទេ ខុសពីអាជ្ញាធេថៃ បើសិនពលរដ្ឋគេមានរឿងអ្វីកើតឡើងទោះរឿងខុសឬត្រូវក៏ដោយ គឺសមត្ថកិច្ច និងតម្រួតថៃចេញមុខដោះស្រាយជួយភ្លាមៗ។
តាមសំដីជាប្រពន្ធជនរងគ្រោះ និងជនរងគ្រោះ ឈ្មោះ ម៉ៅ វុធ បានប្រាប់ មេគង្គប៉ុស្តិ៍ ថា៖ ពួកគាត់បានចេញមកធ្វើការតាមច្រកដូងនេះត្រឹមត្រូវស្របតាមច្បាប់កំណត់។ ដូចនេះ គាត់សុំឲ្យអាជ្ញាធរឬសមត្ថកិច្ចនៅទីនោះជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ដល់ពួកគាត់២នាក់ប្តីប្រពន្ធផងព្រោះគាត់គ្មានលុយព្យាបាលរបួសបែកគ្រាប់ភ្នែកយ៉ាងធ្ងន់ធ្ងរបែបនេះទេ ម្យ៉ាងទៀតការអន្តរាគមន៍គឺបង្ហាញឲ្យភាគីថៃឃើញថា កម្ពុជាបានយកចិត្តទុកដាក់ និងការពារអាយុជីវិតពលករខែ្មរទូទៅមិនឲ្យមានការរំលោភបំពានក្រៅច្បាប់នោះឡើយ៕ ដោយ៖ប៉ែន សុផល