ហ្វីលីពីន៖យុវជនហ្វីលីពីនមួយក្រុមដែលមានគ្នា៤៧នាក់ដឹកនាំដោយអតីតទាហានជើងទឹកហ្វីលីពីនម្នាក់ បាននាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ប្រជុំកោះ Spratly ដើម្បីតាំងទីជានិមិ្មតរូប នៅលើកោះកោះ Pag-ឬកោះ Thitu ដើម្បីប្រាប់ទៅរដ្ឋាភិបាលចិន ដែលកំពុងតែធ្វើការទន្ទ្រាន ដណ្តើមយកប្រជុំកោះ នេះជារបស់ខ្លួន។
ក្រុមយុវជននេះមានឈ្មោះថា ចលនា Kalayaan Atin Ito ដែលមានន័យថាKalayaan ជារបស់យើង។ ពាក្យ Kalayaan ប្រែថាសេរីភាព ហើយក៏ជាឈ្មោះតំបន់សហគមមួយ ដែលហ្វីលីពីន បានតាំងទីនៅលើប្រជុំកោះ Spratly នេះ។
ក្រុមយុវជននេះ ជាយុវជនសកម្មក្នុងការទាមទារឲ្យរដ្ឋាភិបាលហ្វីលីពីន បង្ហាញការពិតប្រាប់ប្រជាពលរដ្ឋ ស្តីពី សកម្មភាពរំលោភបំពានរបស់ចិន ដោយមិនត្រូវលាក់លៀម និងមិនត្រូវខ្លាចអំណាចរបស់ចិនជាដាច់ខាត។ រដ្ឋាភិបាលហ្វីលីពីន ក៏បានដាក់ញត្តិ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីទាមទារឲ្យទទួលស្គាល់អធិបតេយ្យភាពរបស់ខ្លួន។ តាមការគ្រោងទុក សេចក្តីសម្រេចមួយនឹងត្រូវធ្វើឡើង នៅខែមីនាឆ្នាំក្រោយនេះ។ តែយ៉ាងណាក៏ដោយ គេពិតជាមិនងាយជឿទេថា ចិនសុខចិត្តដកថយដោយស្រួលៗនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា រដ្ឋាភិបាលមិនបាននៅពីក្រោយ ឬគាំទ្រចលនារបស់យុវជនមួយក្រុមនេះទេ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលយល់ពីទឹកចិត្តស្នេហាជាតិរបស់ពួកគេ។
គួរបញ្ជាក់ថា ប្រជុំកោះ Spratly ស្ថិតនៅចំងាយ៥០០គីឡូម៉ែត្រ ពីឆ្នេរកោះ Palawan របស់ ហ្វីលីពីន ដែលតាមធម្មតា គឺស្ថិតនៅក្នុងដែនទឹក របស់ហ្វីលីពីន។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានទាមទារ ប្រជុំកោះនៅក្នុងដែនសមុទ្រចិនខាងត្បូង ស្ទើរតែទាំងស្រុង ថាជារបស់ខ្លួន៕