នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បញ្ឈប់​ការយក​លុយ​ពី​យានយន្ត​ដែលឆ្លងកាត់ផ្លូវ វេង ស្រេង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2015 ក+ ក-

​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​មិនត្រូវ​បង់លុយ​ថ្លៃ​យានយន្ត​ឆ្លងកាត់​នោះទេ​។ នេះ​បើ​យោងតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​យប់​ថ្ងៃ អាទិត្យ ២៧ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសរសេរថា “​បងប្អូន​ដែល​រស់​នៅតាម​បណ្តោយ ផ្លូវ​វែង​ស្រេង ជាទី​ស្រឡាញ់​! ខ្ញុំ​ទើបបាន​ដឹង​រឿង ដែល​រថយន្ត​គ្រួសារ រស់​នៅតាម​បណ្តោយ ផ្លូវ​វែង​ស្រេង​ត្រូវ​ក្រុមហ៊ុន​យកប្រាក់ ១១០០ រៀល​ក្នុង​រថយន្ត​១​គ្រឿង ឬ ត្រូវ​បិទ sticker ក្នុងតម្លៃ​១៣២.០០០ រៀល​ក្នុង​រថយន្ត​១​គ្រឿង​។ នេះ​បើតាម​ការបញ្ជាក់ របស់​បងប្អូន​ដែល​បាន ផ្ញើ​ព័ត៌មាន​ពិត​មកកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​គ (Facebook) របស់ខ្ញុំ​។ ចំណែក​អាជា្ញធរ​បញ្ជាក់ថា ៤០.០០០ រៀល​១​គ្រឿង​”​។​

​សម្តេច​តេ​ជោ បាន​សរសេរ​បន្តទៀត​ថា “​សំរាប់​ខ្ញុំ ទោះ​តម្លៃ​មួយណា​ក៏ដោយ បងប្អូន​មិនត្រូវ​បង់ថ្លៃ​ផ្លូវ​ឬ​បង់ថ្លៃ​ធ្វើ sticker នោះទេ​។ ខ្ញុំ​បាន​បញ្ជារ​ឱយ​អភិបាលក្រុង​ធ្វើ Sticker ជូន​បងប្អូន​ដោយ​មិនចាំបាច់​បង់ប្រាក់ សំរាប់​រថយន្ត​គ្រួសារ​ដែល​រស់​នៅតាម​បណ្តោយ ផ្លូវ​និង​ស្ថិតក្នុង​តំបន់​ដែល​ក្រុមហ៊ុន​ធ្វើ​វិនិយោគ​។ បងប្អូន​ត្រូវបំពេញ​កា​ត្វ​កិច្ច​បង់​ព​ន្ឋ​ផ្លូវ ជូន​រដ្ឋ​តាម​ការកំណត់​នៃ​ច្បាប់ តែ​មិនត្រូវ​បង់ថ្លៃ​ផ្លូវ​មុខផ្ទះ​បងប្អូន​នោះទេ​”​។​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ “​ត្រូវ​ចាត់​កម្លាំង​ចុះ​ធ្វើ Sticker ជូន​បងប្អូន​បន្ទាន់​”​។​

​សម្តេច​តេ​ជោ បាន​អះអាង​ជាថ្មី​ទៀតថា សម្តេច​ទទួល​នឹង​ជួយ ដោះស្រាយ​រឿង​ពិតប្រាកដ​ដែលជា​ទុក្ខ​កង្វល់​របស់​ប្រជាជន​។​

​សូមបញ្ជាក់ថា ផ្លូវ​វេ​ង​ស្រេង ឬ​ហៅថា ផ្លូវ​ចោមចៅ ដែល​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ត្រូវបាន​ស្ថាបនា​ឡើងវិញ ដោយ​សាលា​រាជធានី​ភ្នំពេញ​។ ផ្លូវ​នេះ​មាន​ប្រវែង ៦.៥០០ ម៉ែត្រ ទទឹង ២៨​ម៉ែត្រ ចាប់ពី​ចំណុច​ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ច្រមុះជ្រូក រហូតមកដល់​រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៤ ដែល​ចាប់ផ្តើម​កសាងឡើង កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៣​។ ផ្លូវ​នេះ ក្រុមហ៊ុន​វេ​ង​ស្រេង បាន​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន​បរទេសមួយ ហើយ ក្រុមហ៊ុន​បរទេស​នោះបាន​ផ្ទេរ​ផ្លូវ​នេះ មក​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​អ្នកគ្រប់គ្រង​បន្ត ដោយ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ឈូសឆាយ​ជាថ្មី ដើម្បី​បម្រើ​នូវ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ៕

index