ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទទី២៨ នេះ បានលើកឡើងនូវចំណុចដ៏សំខាន់ចំនួន២យ៉ាងម៉ឺងមាត់ថា លោកនឹងស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយចែងថាប្រធានគណបក្សរួមនិងស្ថាប័នជាតិកំពូលដទៃទៀតត្រូវមានសញ្ជាតិតែមួយ ហើយថាលោកនឹងកាត់ដៃស្តាំចោលប្រសិនបើលោកស៊ីញ៉េស្នើលើកលែងទោសឲ្យលោក សម រង្ស៊ី លើកទី៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ ។
ប្រសាសន៍ដែលគួរឲ្យភ្ញាក់ផ្អើលនាចុងឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោកស្នើឲ្យក្រុមការងារដែលនឹងពិភាក្សាពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បញ្ចូលចំណុចមួយដែលចែងថាប្រធានគណបក្សនយោបាយ រួមនិងស្ថាប័នកំពូលដទៃទៀតត្រូវតែមានសញ្ជាតិមួយប៉ុណ្ណោះ។
បើទោះបីជាលោកនាយករដ្ឋមន្ត្រីកម្ពុជាមិនបានថ្លែងចំឈ្មោះអ្នកណាក្តី ក៏គេដឹងថា គឺសំដៅលើលោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង និងកំពុងនិរទេសពីការចាប់ខ្លួន។លោកនាយករដ្ឋមន្ត្រីនូវបានថ្លែងធ្ងន់ៗថា លោកនឹងកាត់ដៃខ្លួនឯងចោល ប្រសិនបើលោកលើកលែងទោសលោក សម រង្ស៊ី ជាលើកទីបី “ខាងផ្នែកគណបក្សប្រជាជនកំពុងតែគិតគូ ដោយសារយើងមានច្បាប់មួយរួចទៅហើយ ប្រធាននិងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែជាសញ្ជាតិខ្មែរ ដូច្នេះពេលខាងមុខ ច្បាប់ស្តីពីបក្សនយោបាយ ចាំបាច់ត្រូវកំណត់ប្រធានបក្សនយោបាយ ត្រូវជាសញ្ជាតិខ្មែរ តែមួយទេ ដើម្បី ចៀសវាងមានរឿងអីកាន់ប៉ាស្ព័របរទេសរត់ ហើយបរទេសមកអន្តរាគមន៍”។
លោក ហ៊ុន សែន ក៏ស្នើឲ្យមានច្បាប់ចែងថា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញា អគ្គសវនករនិងប្រធានក្រុមប្រឹក្សាភិបាលប្រឆាំងអំពើពុករលួយ ត្រូវមានសញ្ជាតិតែមួយ។ លោកបញ្ជាក់ថាការមានសញ្ជាតិតែមួយ ដើម្បីកុំឲ្យមានការជ្រៀតជ្រែកពីបរទេសពេលមានបញ្ហាអ្វីមួយ។
សូមជម្រាបថា ច្បាប់គណបក្សនយោបាយកម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៧ ដែលមាន១១ជំពូក និង៤៥មាត្រា។
គួររំឭកថា លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។
នៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ ក៏ត្រូវបានតុលាការកោះហៅពាក់ព័ន្ធនឹងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ទាក់ទងនឹងបទការសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ២០១៥។
ចំណែកនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ខាងមុខនេះលោក សម រង្ស៊ី ត្រូវតុលាការកោះហៅសាកសួរពីរឿងបរិហាកេរ្តិ៍ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីលោក ហេង សំរិន មួយករណីទៀត៕ដោយ៖ខេមរា