តួកគី៖អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក Ibrahim Kalin ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងរដ្ឋធានី Ankara កាលពីម្សិលមិញថា រុស្ស៊ីមិនមែនប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS នៅក្នុងប្រទេសស៊ីរីនោះទេ ដោយពួកគេបាននឹងកំពុងគាំទ្ររបប និងគាំទ្រដល់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ នេះបើតាមព័ត៌មាន AFP។
លោក Kalin បានបញ្ជាក់ថា ក្រុម IS ត្រូវបានគេប្រើប្រាស់ជាហេតុផលមួយ ដើម្បីរក្សានូវរបបរបស់លោក Assad ដែលត្រូវបានគេចោទប្រកាន់ថា បានសម្លាប់ជនស៊ីវិលជាង៤០០,០០០នាក់នៅស៊ីរី។លោកបានលើកហេតុផលថា ទីតាំងដែលត្រូវបានផ្តល់ ឲ្យដោយរបបលោក Assad ទៅកាន់រុស្ស៊ី ដើម្បីវាយប្រហារលើគោលដៅរបស់ក្រុម IS គឺមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុម IS នោះទេ។
ដោយឡែកប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងថា មានត្រឹមតែ១០ភាគរយប៉ុណ្ណោះ នៃការវាយប្រហារតាមដែន អាកាសរបស់រុស្ស៊ី បានវាយចំលើគោលដៅ របស់ក្រុម IS ខណៈ៩០ភាគរយទៀត បានវាយប្រហារលើពួក Turkmens និងក្រុមឥស្លាមដទៃទៀត ដែលកំពុងប្រឆាំងនឹងរបប របស់លោក Assad។
គួរបញ្ជាក់ថា រុស្ស៊ី បានបើកការវាយប្រហារតាមដែនអាកាស នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ហើយទំនាក់ទំនងរវាងស៊ីរី និងតួកគី បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនៅស៊ីរី ក្នុងឆ្នាំ២០១១៕