ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលា ម៉ោង១០យប់ ថ្ងៃទី ២៨ ធ្នូ ២០១៥ នៅចំណុចមុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ចំណែកបុរស ម្នាក់ទៀតបានរងរបួសស្រាល ដោយសាររថយន្ត ហាយ លែនឌ័រ១គ្រឿងបុកពីក្រោយម៉ូតូ ហុងដា ឌ្រីម១ គ្រឿងយ៉ាងពេញទំហឹងហើយប៉ើងម៉ូតូទៅ ប៉ះ ជាមួយម៉ូតូគប់ជ្រុង១គ្រឿងទៀត ។ក្រោយពេលកើតហេតុរថយន្តបានបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល កើតហេតុ គេឃើញរថយន្តហាយលែនឌ័រ ពណ៌ ទឹកប្រាក់ អត់ស្លាកលេខ១គ្រឿងបើកបរ យ៉ាង លឿនតាមបណ្ដោយវិថីព្រះមុនីរ៉េត ពីលិចទៅ កើត ខណៈមកដល់មុខវត្តស្ទឹងមានជ័យ បម្រុងនឹងឡើងស្ពានអាកាសស្ទឹងមាន ជ័យទៅ ហើយស្រាប់តែរថយន្តនោះបុកពីក្រោយម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BY-8668 យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាម ៗមួយរំពេច ចំណែកម៉ូតូបានប៉ើងទៅបុកម៉ូតូគប់ជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AN-3605 មួយគ្រឿងទៀតបណ្ដាលឱ្យម៉ូតូនោះដួល អ្នកបើកបររងរបួសស្រាល ។ចំណែករថយន្ត ក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ និងធ្វើការវាស់វែង ព្រមទាំងស្វែងរកទំនាក់ទំនងទៅគ្រួសារជនរងគ្រោះដើម្បីយកសពទៅ ធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖រដ្ឋា