ភ្នំពេញ៖ម៉ូតូ២គ្រឿងជិះទាក់ដៃចង្កូតគ្នាដួលត្រូវរថយន្តហាយឡេនដឺបើកមកពីក្រោយកិនបែកក្បាលស្លាប់ម្នាក់នៅនឹងកន្លែង និង៣នាក់ទៀតរបួស ស្រាល។ហេតុការណ៍នេះកើតនៅវេលាម៉ោង១០និង២០នាទី ចំនុចកើតហេតុតាមបណ្តោយ ផ្លូវព្រះនរោត្តមន៍កែងនិងផ្លូវលេខ៣៧០ ស្ថិតក្នុង សង្កាត់បឹងកេងកង១ ខណ្ឌចំកាមន។
ជនរងគ្រោះមានឈ្មោះ មុំ វាដូ អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលស្រវឹងស្រាជិះម៉ូតូមួយគ្រឿងម៉ាកសង់ការ៉េពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1AR-9374 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងល្បឿនលឿនទិសដៅ ពីជើងទៅត្បូងតែខណៈមកដល់ចំនុចកើតហេតុកែងនឹងផ្លូវលេខ៣៧០ ក៏បានរ៉េចង្កូតម៉ូតូទៅ ទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតម៉ាកវេវអាល់ហ្វារពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1N-9897 ដែលបើកក្នុងទិសដៅស្របគ្នាក៏បណ្តាលអោយម៉ូតូទាំងពីរដួល ហើយភ្លាមនោះក៏ មានរថយន្តហាយឡេនដឺបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បានបុកម្ចាស់ម៉ូតូសង់កូរ៉េនោះយ៉ាងពេញទំហឹងបណ្តាលអោយបុរសនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់មកសមត្ថកិច្ច មូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗដល់ កន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីចំនែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូទាំង២ទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ៖រដ្ឋា