អ៊ីស្រាអែល៖អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Ehud Olmert ត្រូវបានតុលាការតុលាការកំពូល សម្រេចផ្តន្ទាទោសចាប់គុក១៨ខែ ក្នុងបទល្មើសស៊ីសំណូក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC។
លោក Olmert ត្រូវបានតុលាការ ជាន់ទាបរបស់អ៊ីស្រាអែល កាត់ទោសឲ្យជាប់គុកចំនួន៦ឆ្នាំ កាលពីឆ្នាំ ២០១៤ ប៉ុន្តែនៅពេលនេះ ត្រូវបានតុលាការកំពូល សម្រេចបន្ថយទោស មកនៅត្រឹមតែ ១៨ខែវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ តាមការបញ្ជាក់របស់តុលាការថា លោក អេហ៊ូដ អុលមែរ នឹងត្រូវប្រគល់ខ្លួនដើរចូលគុកនៅថ្ងៃទី១៥ ខែ កុម្ភៈ ខាងមុខនេះហើយ។
តុលាការកំពូលអ៊ីស្រាអែល បានសម្រេចផ្តន្ទាទោស លោក អេហ៊ូដ អុលមែរ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទទទួលសំណូកសូកប៉ាន់ ក្នុងករណីគម្រោងសាងសង់អគារអចលនទ្រព្យដ៏ធំមួយនៅទីក្រុងហ្សេរូសាឡឹម។
គួរបញ្ជាក់ថា លោក អេហ៊ូដ អុលមែរ ធ្លាប់ធ្វើជាអភិបាលក្រុងហ្សេរូសាឡឹម មុននឹងក្លាយជានាយករដ្ឋមន្ត្រីនៅរវាងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ ហើយក៏ជានាយករដ្ឋមន្ត្រីដំបូងផងដែរ សម្រាប់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានតុលាការ កាត់ទោសឲ្យជាប់គុក៕