អឺរ៉ុប៖ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ទៅកាន់តំបន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រនៅក្នុងឆ្នាំ២០១៥ មានជាង១លាននាក់។ នេះបើយោងតាមភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ (UNHCR)។
តួរលេខចុងក្រោយរបស់ UNHCR បានបង្ហាញថា មានមនុស្សប្រមាណ ១ ០០០ ៥៧៣នាក់ បានធ្វើដំណើរដល់តំបន់អឺរ៉ុប នៅក្នុងឆ្នាំនេះ ដោយឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ភាគច្រើនទៅកាន់ប្រទេសក្រិក និងអ៊ីតាលី ហើយ៨៤ភាគរយនៃជនភៀសខ្លួនទាំងនោះ បានមកដល់តំបន់អឺរ៉ុប ដោយចេញមកពីប្រទេសកំពូលទាំង១០ ដែលមានជនភៀសខ្លួនច្រើនជាងគេបំផុត។
ប្រភពខាងលើបន្តថា ពាក់កណ្តាលនៃពួកគេ បានឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ នៅក្នុងឆ្នាំនេះ គឺជាជនជាតិស៊ីរី ដោយបាននឹងកំពុងគេចខ្លួន ចេញពីប្រទេសពួកគេ ដែលពោរពេញដោយសង្គ្រាម ខណៈ២០ភាគរយជាជនជាតិអាហ្វហ្គានីស្ថាន និង៧ភាគរយជាជនជាតិអ៊ីរ៉ាក់។
UNHCR បានរាយការណ៍ដែរថា មានជនភៀសខ្លួន និងជនអន្តោប្រវេសន៍ជាច្រើន ជិះលើនាវាប្រកដដោយគ្រោះថ្នាក់ ដែលដំណើរការដោយក្រុមអ្នករត់ពន្ធមនុស្ស ជាក់ស្តែងមនុស្ស ប្រមាណ ៣,៧៣៥នាក់ បាននឹងកំពុងបាត់ខ្លួន ដោយគេជឿជាក់ថាបានលង់ទឹកស្លាប់។
គួរបញ្ជាក់ថា តាមរយៈរបាយការណ៍ឲ្យដឹងថា មានមនុស្ស ៣៤,០០០នាក់ បានឆ្លងកាត់ចេញពីប្រទេសតួកគី ទៅកាន់ប្រទេសប៊ុលហ្គារី និងក្រិក ដោយផ្លូវគោក៕