ប៉ារីស៖ប្រធានាធិបតីបារាំងលោកFrancois Hollande បាននិយាយដោយក្រើនរំលឹកដល់ពលរដ្ឋថា សូមកុំសប្បាយភ្លេចខ្លួន ទោះបីជាឆ្នាំចាស់បានឆ្លងផុតទៅហើយក្ដី ប៉ុន្ដែប្រទេសបារាំងមិនទាន់រួចផុតពីការគំរាមកំហែងភេរវកម្មនៅឡើយទេ។
ក្នុងរយៈពេល៦សប្ដាហ៍បន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្ស១៣០នាក់ក្នុងក្រុងប៉ារីសលោកប្រធានាធិបតីបានថ្លែងតាមវិទ្យុនិង ទូរទស្សន៍ប្រាប់ដល់ប្រជាជនថា ការគំរាមកំហែងវាយប្រហារភេរវកម្ម នៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ដដែល។
គួរបញ្ជាក់ថា ស្ថិតក្នុងការប្រារព្ធពិធីឆ្លងឆ្នាំកាលពីថ្ងៃទី៣១ធ្នូឆ្នាំ ២០១៥ ប្រទេសបារាំងក៏បានរឹតបន្ដឹងផ្នែកសន្ដិសុខយ៉ាងខ្លាំងក្លាដែរ ដើម្បីការពារការវាយប្រហារភេរវកម្មដែលអាចកើតឡើង។ ប៉ុន្ដែជាលទ្ធផល ការប្រារព្ធពិធីឆ្លងឆ្នាំបានធ្វើឡើងដោយសុវត្ថិភាព។ ទោះជាយ៉ាងនេះ បារាំងនៅតែប្រុងជើងការជានិច្ច មិនធ្វេសប្រហែសឡើយ៕