ខេត្តកោះកុង៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលរាជរដ្ឋាភិបាលបានដាក់អោយដំណើរការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកោះកុង ចាប់ផ្ដើមអនុវត្តន៍នៅលើទ្រូងផ្លូវហើយ ប៉ុន្តែនៅមានចំណុច៣យ៉ាងដែលនគរបាលចរាចរណ៍ត្រូវលើកលែងជាបណ្ដោះអាសន្ន គឺមិនទាន់អនុវត្តន៍ទៅបាន។
វាជាការពិតណាស់សម្រាប់ការនាំយកច្បាប់ទៅអនុវត្តន៍ គឺតែងតែប្រឈមមុខទៅនឹងផលវិបាកមួយចំនួន ដោយគេចមិនផុតឡើយពីសំណាក់ប្រជាពលរដ្ឋ និងអ្នកបើកបរយានជំនិះគ្រប់ប្រភេទ នៅលើផ្លូវសាធារណៈ ដោយសារតែវាជាទម្លាប់មួយទៅហើយសម្រាប់អ្នកបើកបរមួយចំនួនតូច ដែលកន្លងមកមិនបានលត់ដំខ្លួនអោយស្របទៅ
តាមផ្លូវច្បាប់ជាបណ្តើរៗ។
មន្ត្រីនគរបាលចរាចរណ៍មួយរូបដែលលោកកំពុងបំពេញតួនាទីរបស់ខ្លួននៅលើផ្លូវសាធារណៈ ក្បែររង្វង់មូលទល់មុខអេសុីលីដា ក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទបាននិយាយថា ប្រទេសនីមួយៗ ត្រូវមានច្បាប់ដើម្បី ឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ គោរព
ច្បាប់របស់ប្រទេសខ្លួន ដូច្នេះការបង្កើតច្បាប់ចរាចរណ៍ថ្មីនេះ គឺរាជរដ្ឋាភិបាលបានធ្វើការរឹតបន្តឹងយ៉ាងខ្លាំង នេះក៏ដោយសារតែរយៈពេលប៉ុន្មាន
ឆ្នាំមកហើយដែលប្រជាពលរដ្ឋមួយចំនួនធំ មិនព្រមអនុវត្តន៍តាមច្បាប់ទាល់តែសោះ ដូច្នេះហើយបានជាលើកនេះក៏មានការគុណទ្វេច្រើនដងទៅលើអ្នកដែលមិនព្រមគោរពច្បាប់៕
ដោយ៖ អ៊ួង វឹង

