ភ្នំពេញៈ ឧត្តមសេនីយ៍ឯកជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅរាជធានីភ្នំពេញរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០១៥កន្លងមកនេះ មានបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៧៦៥លើក ថយចុះ៧៩លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ បណ្តាលឲ្យស្លាប់មនុស្សចំនួន៤៣នាក់ និងរងរបួស១៩២នាក់ ។
ការលើកឡើងរបស់លោក ជួន សុវណ្ណ បែបនេះ ធ្វើនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៤មករា២០១៦ ក្នុងពិធីប្រជុំបូកសរុប ដកបទពិសោធន៏ សភាពការណ៍ លទ្ធផលប្រតិបត្តការបង្កាបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៏ប្រចាំឆ្នាំ២០១៥ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងសាលាដំបូងរាជធានីភ្នំពេញ តំណាងកងកំលាំងនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរជំនាញពាក់ពន្ធ័ និងមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញជាច្រើនរូបទៀត ។
ឧត្តមសេនីយ៍ឯកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌកើតមានចំនួន ៧៦៥ លើកនោះ មានបទល្មើស ឧក្រិដ្ឋកើតឡើងចំនួន ១៨១លើក ថយចុះ៨លើក បទល្មើសមជ្ឈឹម៥៨៤លើក ថយចុះ៧១លើក ។ ករណីទាំងនេះកើតមានកើតឡើងនៅក្នុងខណ្ឌពោធិសែនជ័យ១៣៥លើក សែនសុខ៦៥លើក ចំការមន១០០លើក ឬស្សីកែវ៩៥លើក មានជ័យ៤៥លើក ទួលគោក៦៤លើកដូនពេញ៨៩លើក ដង្កោ៤៣លើក ៧មករា៣៩លើក ច្បាអំពៅ៣៦លើក ព្រែកព្នៅ៣១លើក និងខណ្ឌជ្រោយចង្វា២៣លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន៤៣នាក់ និងរងរបួស១៩២នាក់ បាត់បង់រថយន្ត៦គ្រឿង ម៉ូតូ៩៣គ្រឿង និងប្រាក់កាស សម្ភារៈ គ្រឿងអលង្ការមួយចំនួនទៀត។ ក្នុងនោះមាន លួចមានស្ថានទម្ងន់ (ប្លន់) ១២៩លើក ជាករណីប្លន់ម៉ូតូ១០២លើក និងប្លន់សម្ភារៈ-កាបូបលុយ២៧លើក ឃាតកម្ម២៨លើកស្លាប់២៨នាក់ របួស០១នាក់ ជាករណីបាញ់សម្លាប់១៥លើក និងកាប់ចាក់ វាយសម្លាប់១៣លើក រំលោភសេពសន្ទវៈ១៨លើក បង្ខាំងមនុស្សខុសច្បាប់០៣លើក និងជះទឹកអាស៊ីត០៣លើក ។
លោកស្នងការបានឲ្យដឹងទៀតថា ចំពោះការងារបង្ក្រាបសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៥៧០ករណី ស្មើនឹង៧៤,៥០% នៃបទល្មើសរួម ឃាត់ជនល្មើសបានចំនួន៨១៦នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ១១២ករណី ឃាត់ខ្លួន២០៦នាក់ និងបទល្មើសមជ្ឈឹម៤៥៨ករណី ឃាត់ខ្លួន៦១០នាក់។ បង្ក្រាបជាក់ស្តែងបានចំនួន៤៩៩ករណី ឃាត់ខ្លួន៦៧៧នាក់ ស្មើនឹង៨៧,៥៤%នៃលទ្ធផលបង្ក្រាបរួម បង្ក្រាបដោយស៊ើបអង្កេតបានចំនួន៧១ករណី ឃាត់ខ្លួន១៣៩នាក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
នៅក្នុងឱកាសនោះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យកងកម្លំាងសមត្ថកិច្ចចម្រុះ ក្រោមឱវាទរាជធានីភ្នំពេញទាំងអស់ត្រូវចាប់ផ្តើមកសាងផែនការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ស្របពេលដែលកំដៅនយោបាយអាចនឹងមានការកើតឡើង នៅពេលមុនការបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតខាងមុខនេះ និងម្យ៉ាងទៀតខណៈដែរប៉ុន្មាន សបា្តហ៍ចុងក្រោយនេះស្ថានភាពប្រឆំាងតវ៉ា និងការសម្តែងមតិនានាហាក់មានការកក្រើកឡើងវិញផ្ទុយនឹងច្បាប់ដែលនាំឲ្ យ ប៉ៈពាល់ដល់សណ្តាប់ធ្នាប់នឹងការរស់នៅរបស់ប្រជាពលរដ្ឋ ។
លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការត្រៀមផែនការជាមុននេះ មានសារៈសំខាន់ណាស់ ដើម្បីត្រៀមកម្លំាងសរុបមធ្យោបាយសរុបក្នុងការ ឆ្លើយតបរាល់បញ្ហាមិនប្រក្រតីនានាដែលកើតមានឲ្យកាន់តែមានប្រសិទ្ធិភាព ហើយឆ្នាំ២០១៦នេះត្រូវតែរក្សាឲ្យបានស្ថេរភាពសន្តិសុខនយោបាយដែលជាផ្នែកមួយជំរុញឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាដើមឆ្នាំ២០១៧បានប្រព្រឹត្តទៅដោយរលូន ។លោកបន្តថា អាជ្ញាធរពុំបានចាត់ទុករាល់ការប្រឆំាងតវានានាសុទ្ធតែខុសច្បាប់នោះទេ ប៉ុន្តែអ្វី ដែលជាបញ្ហានោះគឺអ្នកនៅពីក្រោយខ្នងឬជនទី២ ជនទី៣ឆ្លៀតឱកាសកេងចំណេញនយោបាយប៉ុណ្ណោះ និងបង្កើតឲ្យមានអសន្តិសុខក្នុងសង្គម ដើម្បីឲ្យការដោះស្រាយបញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋអាចទទួលបានប្រសិទ្ធិភាព និងមិនប្រឈមចំពោះផ្លូវច្បាប់នោះ គឺត្រូវអនុវត្តន៏នូវគោលការណ៍៣ចំនុច គឺទី១ មានបញ្ហានៅកន្លែងណាត្រូវដោះស្រាយនៅកន្លែងនោះ ទី២ ការបញ្ចេញមតិ និងដោះស្រាយនៅក្នុងវេទិការសាធារណៈ និងទី៣ ការប្រមូលផ្តុំ សម្តែងមតិប្រឆំាងតវាត្រូវធ្វើឡើងនៅទីលានប្រជាធិបតេយ្យតែម្តង ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ទោះបីការងារជាច្រើននៅក្នុងឆ្នាំ២០១៥ទទួលបានជោគជ័យគួរជាទីមោទនៈក៏ដោយ តែនៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនដែលយើងត្រូវធ្វើការកែសម្រួលនិងដោះស្រាយផងដែរ ជាពិសេសបញ្ហាបទល្មើសព្រហ្មទណ្ឌ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ បញ្ហារថយន្តធំចេញ ចូលរាជធានីភ្នំពេញ បញ្ហាសំរាម និងអនាម័យជាដើម គឺនៅមិនទាន់អនុវត្តន៏បានល្អឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការរបស់យើងគ្រប់គ្នាបាននៅឡើយ៕ដោយ៖សួង សាម