អារ៉ាប៊ីសាអូឌីត៖ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់ ក្រោយពីមានការវាយប្រហារលើក្រុមបេសកម្មការទូតរបស់ខ្លួន ហើយបានស្នើឲ្យមន្ត្រីការទូត ជនជាតិអ៊ីរ៉ង់ទាំងអស់ ចាកចេញក្នុងរយៈពេល៤៨ម៉ោង។ នេះបើយោងតាមសារព័ត៌មាន Xinhua។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្រុមអ្នកតវ៉ាអ៊ីរ៉ង់ពោរពេញដោយកំហឹងបានធ្វើការវាយប្រហារលើក្រុមបេសកម្មការទូត អារ៉ាប៊ីសាអូឌីត ដោយតវ៉ានឹងការកាត់ទោសប្រហារជីវិតរបស់អារ៉ាប៊ីសាអូឌីតលើបុគ្គលចំនួន៤៧នាក់ដោយចោទប្រកាន់ពីបទភេរវកម្ម។
ដោយឡែករដ្ឋមន្ត្រីការទូតអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានថ្លែងថា ការវាយប្រហារនេះ បានបំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ហើយបានចោទប្រកាន់ថា ក្រុមតវ៉ាទាំងអស់នេះ ក៏បានវាយប្រហារលើស្ថានទូត សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសកាលពីពេលមុនផងដែរ។ លោកបញ្ជាក់ថា ការវាយប្រហារនេះមិនមានអ្នករងរបួសនោះទេ ដោយពួកគេបានមកដល់ទីក្រុង Dubai សហភាពអារ៉ាប់រួម ដោយសុវត្ថិភាព។ លោក Adel al-Jubeir បានចោទប្រកាន់ក្រុមអាជ្ញាធរអ៊ីរ៉ង់ថា មិនមានការចាត់វិធានការណាមួយ ដើម្បីការពារការវាយប្រហារប្រឆាំងនឹង ស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេស Tehran និងក្រុមកុងស៊ុល នៅក្នុងទីក្រុង Mashhad របស់អ៊ីរ៉ង់៕