ផៃ ស៊ី​ផាន ៖ លោក​នឹង​បង្ហាញ​ភស្តុតាង​បើសិន​កូនលោក​ឈុត វុទ្ធី ប្ដឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2014 ក+ ក-

ភ្នំពេញ​៖ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន បាន​អះអាងថា លោក​នឹង​ចូលខ្លួន​បកស្រាយ​នៅ មុខ​ចៅក្រមនូវ​អ្វី​ដែលជា​ការពិត និង​នាំយក​នូវ​រាល់​ភស្តុតាង​ដែល​លោក​មាន​ប្រសិនបើ​កូនលោក​ឈុត វុទ្ធី ប្ដឹង​រូបលោក ។​

​គួររំលឹកថា លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​ខ្ញុំ​ទទួលបាន​សំណួរ ជាច្រើន​ពី​មិត្ត​សារព័ត៌​មានបាន​ប្រាប់​ខ្ញុំ​អំពី​កូន​របស់លោក ឈុត វុទ្ធី ត្រៀមខ្លួន​ក្នុងការ​ប្តឹងផ្តល់​ស្វែងរក​ការពិត ឬ​ចោទប្រកាន់​ពីបទ​បរិហារ​កេ​រ្តិ៏​អំពី​ខ្លួន​ខ្ញុំ​។ នៅក្នុង​នោះ​លោក ឈឹម សាវុធ ដែល​ដើរតួ​ជា​សាក្សី​នៅរស់​នៅក្នុង​ការចូលរួម​ការពារ​របស់លោក ឈុត វុទ្ធី​”​។​

ហ្វេ​ស​ប៊ុ​កលោក ផៃ ស៊ី​ផាន បាន​សរសេរ​បន្ដ ថា “​ខ្ញុំ​សូម​ខមាទោស​ដល់​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ក៏ដូចជា​ក្រុមគ្រួសារ​ញាតិមិត្ត​ជិត​ឆ្ងាយ​ក្នុងការ​ចង្អុលបង្ហាញ​ធាតុពិត​ទៅកាន់​មន្ត្រី​សេត​វិមាន ក៏ដូចជា​ប្រធានាធិបតី Barack Obama “​។​

លោក ផៃ ស៊ី​ផាន បាន​បកស្រាយ ថា​”​រូបថត​មួយ​សន្លឹក ដែល​ខ្ញុំបាទ​ផ្សព្វផ្សាយ គឺ​ខុសប្លែក ពី​រូប​ដោយឡែក​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​។​ជាមួយគ្នានេះ លោក​ផៃ ស៊ី​ផាន បាន​ទុក​ជម្រើស​ចំនួន​២ ដល់​ភាគី​ពាក់ព័ន្ធ ក៏ដូចជា​កូន​របស់លោក ឈុត វុទ្ធី​៖ ជម្រើស​ទី​១ ខ្ញុំ​សូម​ស្វា​គម​ន៏ នូវ​ការបកស្រាយ​ការពិត​នៅមុខ​ចៅក្រម រាល់​ភស្តុតាង​ដែល​ខ្ញុំ​មាន បើ​នោះ​ជា​កាតព្វកិច្ច និង​ជម្រើស​ទី​២ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ទទួលបាន​ភាពស្ងប់ស្ងាត់​នៅ​សុគតិភព ខ្ញុំ​ពុំបាន​ធ្វើ​អ្វី​ក្នុងទិសដៅ បង្អាប់​បង្ខូច​កេ​រ្តិ៏​ខ្មាស់​នូវ​អ្វី​ដែលជា​សកម្មភាព​រប​ស់លោក ឈុត វុទ្ធី កាល​លោក​នៅរស់​នោះឡើយ​។​

គេ​នៅ​ចាំបាន​ពី​ព្រឹត្តិការណ៍​នាពេល​កើតហេតុ គឺ​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ លោក ឈុត វុទ្ធី ជា​ប្រធាន​អង្គការ​ការពារ​ព្រៃឈើ បាន​ជូន​ដំណើរ​ស្ត្រី​អ្នកកាសែត​ពីរ​នាក់​របស់​កាសែត The Cambodia Daily គឺ​កញ្ញា ផន បុប្ផា អាយុ ២៧​ឆ្នាំ និង​កញ្ញា Plokhii ជនជាតិ​កាណាដា អាយុ ២៧​ឆ្នាំ តាម​ឡាន​ឡង់​គ្រី​ស័​រ ពណ៌​ឈាមជ្រូក ដ៏​ចាស់​របស់លោក ឈុត វុទ្ធី ពី​ខេត្តពោធិ៍សាត់ ទៅកាន់​ខេត្តកោះកុង តាម​ជួរ​ភ្នំក្រវាញ​។ លុះ​ទៅដល់​ក្រុមហ៊ុន Timber Green ក៏​កើតមាន​ជម្លោះ​ជាមួយ​ប៉េអឹម និង​ទាហាន យាម​ក្រុមហ៊ុន​នោះ ហើយ​លោក ឈុត វុទ្ធី ក៏ត្រូវ​ប៉េអឹម បាញ់សម្លាប់​លើ​រថយន្ត​របស់លោក​តែម្តង។

គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤ លោក ផៃ ស៊ី​ផាន បាន​សរសេរ​សារ​មួយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយ​សម្តែង​ការភ្ញាក់ផ្អើល ឬ​អាម៉ាស់ ចំពោះ​ការលើកឡើង​របស់លោក​ប្រធានាធិបតី​អាមេរិក នៅក្នុង​ករណី​លោក ឈុត វុទ្ធី ដែល​គេ និង​លោក​ប្រធានាធិបតី​អាមេរិក ជឿជាក់ថា ជា​សកម្មជន​ព្រៃឈើ ហើយ​លោក​អូ​បា​ម៉ា បានប្រកាសថា ជា​បុគ្គល​ឆ្នើម ” Great Man “​។ ប៉ុន្តែ​តាម​លោក ផៃ ស៊ី​ផាន បាន​អះអាងថា អ្នកស្រុក​វាលវែង​បាន​ប្រាប់​រូបលោក​គឺ​លោក ឈុត វុទ្ធី ជា​ឈ្មួញ​ឈើ និង​ជា​អ្នកបាញ់​សត្វព្រៃ​ដ៏​ល្បីល្បាញ​៕ ជំនិត

Untitled-4

​កូនប្រុស​របស់លោក ឈុត វុទ្ធី ជា​សកម្មជន​ការពារ​បរិស្ថាន​
Untitled-5

 

 

 

 

លោក ផៃ ស៊ីផា​ន មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល