ភ្នំពេញ៖យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់លលាដ៍ក្បាលសន្លប់នៅនឹងកន្លែង និងម៉ូតូ៤គ្រឿងទៀតត្រូវរងការវាយកម្ទេចពីក្មេងស្ទាវប្រើដាវសាម៉ូរ៉ៃមួយក្រុម ចូលទៅកាប់ និងវាយដល់ក្នុងផ្ទះជនរងគ្រោះ។សមត្ថកិច្ចថា ជារឿងគំនុំ ប៉ុន្តែនៅមិនទាន់ចាប់បានក្រុមជនបង្កហេតុទាំងនោះនៅឡើយទេ។
យុវជនម្នាក់បានរងរបួសធ្ងន់ដាច់របើកលលាដ៍ក្បាលមួយដុំសន្លប់នៅកន្លែង និងម៉ូតូចំនួន៤គ្រឿងបានរងការខូចខាតបាក់បែកកុងទ័រ ក្នុងនោះមានម៉ូតូ២គ្រឿង ត្រូវបាន ដាច់ស្លាកលេខទាំងស្រុង បន្ទាប់ពីមានក្មេងទំនើងមួយក្រុមមានគ្នីគ្នាជាង១០នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃធ្វើសកម្មភាពប៉ុនប៉ងកាប់ប្រហារផ្តាច់ជីវិត រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល បង្កឱ្យភ្ញាក់ផ្អើលភ្ញៀវនៅក្នុងហាងរត់ជាន់ជើងគ្នា កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះល្វែងលេខ B26 លក់ភេសជ្ជ: យីហោ Honey Milk’s តាមផ្លូវបេតុង ខាងកើតជាប់របងវិទ្យាល័យជម្ពូវ័ន ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ អ៊ូ សុខហេង ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិត ត្រូវជាកូនម្ចាស់ផ្ទះកើតហេតុខាងលើ រងការកាប់បណ្តាលឲ្យរបើកលលាដ៍ក្បាលមួយដុំ និងស្នាមមុតរយ´ ត្រូវគ្រូពេទ្យដេរ៧ថ្នេរ សន្លប់ឈឹងនៅនឹងកន្លែង ។
ក្រៅពីកាប់យុវជនខាងលើឲ្យរបួស ក្រុមដាវសាម៉ូរ៉ៃបានវសយកម្ទេចម៉ូតូចំនួន៤គ្រឿងឲ្យរងការខូចខាតបាក់បែក និងដាច់ស្លាកលេខបាត់ ៖
ទី១- ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-0748 បែកកុងទ័រ ជាម៉ូតូរបស់ជនរងគ្រោះ ។
ទី២- ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1EF-5012 មានម្ចាស់ឈ្មោះ ហ៊ួរ សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្សសាលា រស់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ( ម៉ូតូត្រូវបានជនល្មើស កាប់យកស្លាកលេខទៅបាត់ និងបែកកុងទ័រ ) ។
ទី៣- ម៉ូតូម៉ាក ហុងដា សេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-5518 ជាម៉ូតូ របស់ម្ចាស់ឈ្មោះ អេង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិអង្គកែវ សង្កាត់ចោមចៅ ( ម៉ូតូត្រូវបានជនល្មើស កាប់យកស្លាកលេខទៅបាត់ និងបែកកុងទ័រ ) ។
ទី៤- ម៉ូតូម៉ាក ស្កុបពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AX-2418 មានម្ចាស់ឈ្មោះ ម៊ិល យ៉ុងវ៉ាន់សាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ម្ចាស់ម៉ូតូទាំង៣គ្រឿងខាងលើ ជាភ្ញៀវ ចូលហូបភេសជ្ជ:នៅផ្ទះកើតហេតុពុំមានរងរបួសទេព្រោះបានរត់គេចផុតពីផ្លែដាវរបស់ ក្រុមក្មេងស្ទាវទាំងនោះ ។
តាមសម្តីបងប្រុសរបស់ជនរងគ្រោះ ជាម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុ ផ្ទះរបស់គាត់មានភ្ញៀវចូលហូប ៦ទៅ៧នាក់ ចំណែកជនរងគ្រោះត្រូវជាប្អូនបង្កើត កំពុងអង្គុយ លាយម្សៅ សម្រាប់ធ្វើនំលក់នៅខាងក្រោយកន្លែងចង្ក្រានបាយ ។លុះដល់វេលាខាងលើ ស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុមជាង១០នាក់ ជិះម៉ូតូចំនួន៧គ្រឿង មកឈប់ពីខាងមុខផ្ទះប្រដាប់ទៅដាវសាំម៉ូរ៉ៃ កាន់នឹងដៃដើរចូលទៅកាប់ប្រហារជនរងគ្រោះដែលកំពុងអង្គុយលាយម្សៅជាមួយម្តាយបង្កឱ្យផ្អើលពេញផ្ទះ ធ្វើឱ្យភ្ញៀវរត់គេចជាន់ជើងគ្នា ហើយក្រុមជនល្មើសទាំងនោះ កាប់វាយទៅលើម៉ូតូ និងកាប់យកស្លាកលេខម៉ូតូ២គ្រឿង ហើយនាំគ្នា ឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់។
ក្រោយកើតហេតុ ទើបក្រុមគ្រួសារជនរងគ្រោះ មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឱ្យជួយអន្តរាគមន៍ និងដាក់បណ្តឹងឱ្យជួយស្រាវជ្រាវ ៕ដោយ៖សួង សាម