ភ្នំពេញ៖ប្រធានសមាគមអាណិកជនខ្មែរនៅអាមេរិកនៅថ្ងៃទី៩ខែ តុលា ឆ្នាំ២០១៤នេះ ត្រូវសាលាឧទ្ធរណ៍សម្រេចប្រកាសសាល ដីកាបន្តឃុំខ្លួន និងបដិសេធការសុំនៅក្រៅឃុំរបស់ជនត្រូវចោទពីបទ«ឆបោក»ប្រាក់១លានដុល្លារ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនត្រូវចោទឈ្មោះសាន រិច្ឆឺ (Richer San) ភេទប្រុស អាយុ៥២ឆ្នាំ ជាប្រធានសមាគមអាណិកជនខ្មែររស់នៅអាមេរិកប្រចាំរដ្ឋឡងប៊ិច សហរដ្ឋអាមេរិក និងមានអាសយដ្ឋាននៅប្រទេសកម្ពុជាផ្ទះលេខ៣៨៦ ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា កាលពីអំឡុងឆ្នាំ២០១២កន្លងទៅឈ្មោះសាន រិច្ឆឺ ជាមួយនឹងបក្ខពួករបស់ខ្លួនឈ្មោះស៊ីវ ស៊ីច័ន្ទ ជាអតីតមន្ត្រីស្ថានទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានលួងលោមវេជ្ជបណ្ឌិតស្ត្រីខ្មែរម្នាក់ឈ្មោះអេង លីគង់ ឲ្យចូលហ៊ុនរកស៊ីក្នុងម្នាក់មួយលានដុល្លារ ដើម្បីបើកក្រុមហ៊ុននាំផលិតផលសម្រេចកសិកម្មខ្មែរយកទៅលក់នៅបរទេស។ ដោយសារសម្លឹងឃើញផលចំណេញនៅចំពោះមុខ និងសមាជិកភាគហ៊ុនរបស់ខ្លួនសុទ្ធតែជាកំពូលមនុស្សទើប ស្ត្រីវេជ្ជបណ្ឌិតខ្មែររូបនេះ ជឿស្លុងបោះទន់មួយលានដុល្លារចូលហ៊ុនជាមួយក្រុមសាន រិច្ឆឺ។ លុះពេលទទួលបានប្រាក់ហើយក្រុមនេះ ក៏គេចខ្លួនពីប្រទេសកម្ពុជាទៅអាមេរិកវិញបាត់ឈឹងទើបម្ចាស់ប្រាក់ដឹងខ្លួនថា ចាញ់បោកក្រុមកំពូលមនុស្ស ក៏ដាក់ពាក្យប្ដឹងមកតុលាការសាលាដំបូងរាជធានីភ្នំពេញពីបទ ឆបោកប្រាក់តែម្ដង។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីបានចោទប្រកាន់ឈ្មោះសាន រិច្ឆឺ (Richer San) ពីបទ«ឆបោក»ប្រាក់១លានដុល្លារ។ ការសម្រេចរបស់ចៅក្រមតុលាការសាលាឧទ្ធរណ៍ឲ្យបន្តឃុំខ្លួន និងបដិសេធការសុំនៅក្រៅឃុំ គឺសំអាងលើហេតុផលជាច្រើនដូចជា បើដោះលែងជនជាប់ចោទអាចរត់គេចខ្លួនមិនអាចនាំខ្លួនមកវិញបាន៕ រដ្ឋា
ជនជាប់ចោទត្រូវបាននាំទៅឃុំខ្លួន