ភ្នំពេញ: សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែ មករា ឆ្នាំ២០១៦ នេះថា នៅទីតាំងការិយាល័យច្រកចេញចូលតែមួយ នៃខណ្ឌសែនសុខ មានសេវាថតចម្លងបញ្ជាក់ប័ណ្ណសម្គាល់ទោចក្រយានយន្ត យានយន្ត (កាតគ្រីម៉ូតូ-ឡាន)បានត្រឹមត្រូវដូចប័ណ្ណសម្គាល់ដើមមានតម្លៃ ១.០០០រៀលក្នុងមួយសន្លឹកប៉ុណ្ណោះ។
ហ្វេសប៊ុកសាលារាជធានីភ្នំពេញបានប្រកាសនៅព្រឹកនេះថា សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលសេវាថតចម្លងបញ្ជាក់ ប័ណ្ណសម្គាល់ទោចក្រយានយន្ត យានយន្ត (កាតគ្រីម៉ូតូ-ឡាន) នៅទីតាំងការិយាល័យច្រកចេញចូលតែមួយ នៃខណ្ឌសែនសុខ ស្ថិតនៅផ្លូវលេខ១០១៩(វិថីហាណូយ) ទល់មុខសាលាបឋមសិក្សាភ្នំពេញថ្មី ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ។
សូមបញ្ជាក់ថា៖ ការថតចម្លងបញ្ជាក់ថា ត្រឹមត្រូវដូចប័ណ្ណសម្គាល់ដើម នេះ មានតម្លៃ ១.០០០រៀលក្នុងមួយសន្លឹក ដោយមានវិក្កយបត្រកំណត់ តម្លៃសេវាជូនវិញ។ដើម្បីពន្លឿនកាត់បន្ថយ រយៈពេលកំណត់ ៣ថ្ងៃនៃការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សយកទៅប្រើប្រាស់ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខចំនួន ៣រូប បានខិតខំធ្វើការចុះហត្ថលេខា ទៅលើលិខិតថតចម្លងបញ្ជាក់ខាងលើឲ្យបានលឿនបំផុត៕