កូឡាឡាំពួរ៖យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channal News Asia ថា រដ្ឋាភិបាលម៉ាឡេស៊ី ចង់បញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធនឹងក្រុមភេរវកម្មសម្រាប់សិស្ស ថ្នាក់បឋមសិក្សា ដើម្បីឲ្យកូនក្មេងជំនាន់ក្រោយស្គាល់ច្បាស់អំពីធាតុពិតរបស់ក្រុម ISIS មិនចង់ឲ្យពួកក្មេងៗចាញ់បោកល្បិចអូសទាញក្រុមឧទ្ទាម។
អនុរដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី លោក Chong Sin Woon បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រសួងអប់រំកំពុងតែធ្វើការសហការជាមួយនឹងស្ថានប័នប៉ូលិស ដើម្បីរៀបចំឯកសារសង្ខេបខ្លីៗ ទាក់ទងនឹងអំពើភេរវកម្ម សម្រាប់ធ្វើបទបង្ហាញដល់កូនសិស្ស ក្នុងគោលដៅបំភ្លឺភ្នែករបស់ពួកគេឲ្យយល់ច្បាស់ពីអ្វីទៅជាអំពើ ភេរវកម្ម និងអ្វីខ្លះដែលជាផលប៉ះពាល់។
លោកអនុរដ្ឋមន្ត្រីរំពឹងថា គម្រោងដាក់បញ្ចូលកម្មវិធីសិក្សានេះ នឹងមានប្រសិទ្ធភាព ជាពិសេសគឺបានផ្ដល់នូវចំណេះដឹង និងព័ត៌មានលម្អិតអំពើអំពើភេរវកម្ម ដល់កូនសិស្សគ្រប់គ្នា៕