​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៤​នាក់​ក្រោយពេល​ឆក់​កាបូប​មិនបាន​សម្រេច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2016 ក+ ក-

​ភ្នំ​ពេ​ញ៖បុរស​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៤​នាក់ ត្រូវ​កំលាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ចាប់ខ្លួន​នៅ​ថ្ងៃទី​០៦-០១-២០១៦ វេលា​ម៉ោង​១៧: ០០​នាទី បន្ទាប់ពី​ជននេះ​បាន​ឆក់​កាបូប​ពី​ស្ត្រី​ជិះ​រ៉ឺម៉ក​កង់​បី​ម្នាក់​មិនបាន​សម្រេច ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ ១២១ ផ្លូវ​លេខ​១៦០ កែង​ផ្លូវ​លេខ​២៦១ ក្រុមទី ៣៧ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ សុខ ពុធ​មិថុនា ហៅ មិថុនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិត ប្រាកដ ស្នាក់នៅ​ផ្ទះជួល​ពុំ​ចាំ​លេខ ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​
​ជនរងគ្រោះ ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល ៣៧​ឆ្នាំ ក្រោយពេល​កើតហេតុ បាន​ជិះ​រ៉ឺម៉ក​កង់​បី​ទៅ​បាត់ ពុំបាន​ប្តឹង​ទេ ។​

​វត្ថុតាង​ចាប់យក : ម៉ូតូ​មួយគ្រឿង​ម៉ាក​Suzuki Nex ពណ៌​បៃតង ស៊េរី​2013 ពាក់​ស្លាក​លេខ​ភ្នំ ពេញ 1CM-7863 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 301404 ( ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្ម ភាព​ឆក់ ) ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី មាន​កាន់​កាបូប​នៅ​ដៃ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦០ ពី​កើ​តទៅ​លិច ពេលធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​០៤​នាក់ ជិះ​ម៉ូតូ​០២ គ្រឿង​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បានធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ជនរងគ្រោះ តែ​ពុំបាន​សម្រេច​ទេ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ពេលនោះ​ជន​រង គ្រោះ​ស្រែក​ចោរៗ ទើប​កំលាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ បាន​អន្តរាគមន៍​ឃាត់ខ្លួន បាន​ម្នាក់ ចំណែក​៣​នាក់ ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ដោយ៖ស សាមsfcdxa