កំពង់ចាម៖អំពើហិង្សាក្នុងគ្រួសារមួយ ដែលបង្កឡើងដោយបុរសជាប្តីក្រោយម្នាក់ បានយកប្រេងសាំងចាក់ស្រោចលើប្រពន្ធ ហើយដុតទាំងរស់បណ្តាលឲ្យរងរបួសពេញខ្លួន។ ក្រោយប្រព្រឹត្តអំពើឃោរឃៅនោះហើយ ប្តីកំណាចនោះបានគេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង៧ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃទី៧ ខែមករា ស្ត្រីរងគ្រោះឈ្មោះ លុយ ភាព អាយុ ៤៦ឆ្នាំនិងកូនដើមបាននាំគ្នាទៅជំរះស្មៅប៉ិគក់នៅខាងក្រោយភូមិ លុះដល់ម៉ោង ៧ ព្រឹកថ្ងៃដដែល ស្រាប់តែឃើញប្តីចុងឈ្មោះញាន លាភ អាយុ ៤៦ឆ្នាំ កាន់ដបទឹកសុទ្ធចំនួន២ដបដែលមានសាំងពេញ ដើរសំដៅមកស្ត្រីរងគ្រោះរួចចាក់ស្រោច(លុយ ភាព) ហើយកេះដែកកេះដុតឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះកូនស្ត្រីរងគ្រោះ និងអ្នកចំការដែលនៅជិតគ្នា បាននាំគ្នាចូលជួយពន្លត់ភ្លើង និងនាំស្ត្រីរងគ្រោះទៅមន្ទីរពេទ្យខេត្តដើម្បីធ្វើការសង្គ្រោះ។ចំណែកប្តីចុងហេងសយ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ប្រភពបានបន្តថា ប្តីមុនរបស់ស្ត្រីរងគ្រោះបានពុលត្រីកំពតស្លាប់។២-៣ឆ្នាំក្រោយមក ស្ត្រីមេម៉ាយ លុយ ភាព នៅធ្វើស្រែចំការជាមួយកូនធម្មតា ហើយក៏មានបុរសពោះម៉ាយឈ្មោះ ញាន លាភ មិនដឹងស្រុកកំណើត ឬអាសយដ្ឋានច្បាស់លាស់ទេ បានមករស់នៅជាប្តីប្រពន្ធ ដោយគ្រាន់តែសែនព្រេនប៉ុណ្ណោះ ពុំមានរៀបអាពាហ៍ពិពាហ៍ទេ។
ប្រភពបន្តទៀតថា ហិង្សាដ៏ឃោរឃៅនេះបណ្តាលមកពីបុរសជាប្តីជាមនុស្សចូលចិត្តផឹកស្រា ស្រវឹងស្ទើររាល់ថ្ងៃ ហើយរករឿងឈ្លោះប្រពន្ធជាញឹកញាប់រហូតដល់ចាក់សាំងដុតប្រពន្ធទាំងរស់ ដែលផ្តើមឡើងពីការប្រច័ណ្ឌ។
លោក ជា ធារិទ្ធ អធិការនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា សមត្ថកិច្ចបសន និងកំពុងតាមរកជនដៃដល់ឈ្មោះ ញាន លាភ តែរហូតមកដល់ព្រលប់ថ្ងៃទី៧ ខែមករា ដដែល នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ៕ដោយ៖សុភ័ណ្ឌ